ភ្នំពេញៈ វេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខវត្តនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តទំនើបមួយគ្រឿង ដែលបំពាក់ស្លាកលេខជារបស់អង្គភាពខេមរភូមិន្ទ បានបោះពួយយ៉ាងលឿន ជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម។
រថយន្តបង្កម៉ាក លុចស៊ីស IS250 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2.4465 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រាចាកចេញពីកន្លែងកើតហេតុបាត់។
ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម បន្តទៅមុខលែងរួច អ្នកបើកបរ បើកទ្វារចុះចេញពីកន្លែងកើតហេតុ រត់បាត់ស្រមោល ប្រហែលមិនមែនជារថយន្តរបស់អង្គភាពនោះទេ ព្រោះតុបតែងដូចឡានក្មេងស្ទាវ ទុកដើរញ៉ែស្រី និងបន្លាចពលរដ្ឋប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចវាស់វែងស្ទូចរថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕
មតិយោបល់