ព័ត៌មានជាតិ

ជិះម៉ូតូជួញដូរគ្រឿងញៀន ឃើញកាបូបគេទុកនៅម៉ូតូ ក៏ធ្វើសកម្មភាពឆក់ ផ្អើលប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នា ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ខណ:ឃើញស្ត្រីម្នាក់ ជិះម៉ូតូមានកាបូបលុយ នៅជាប់នឹងម៉ូតូ ក៏ធ្វើសកម្មភាពឆក់ បានផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាង បានជួយដេញតាមរហូត ចាប់ខ្លួនបានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចក្រុងតាខ្មៅ រីឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល ។

ករណីឆក់កាបូបលុយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះ បានកើតឡើង វេលាម៉ោង០៨និង៤៥នាទី តាមបណ្ដោយផ្លូវជាតិ លេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ម៉ៅ ចាន់ណារ៉េត ភេទប្រុស​​​​​​​​​ អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ម៉ៅ ភេទប្រុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាយុ២១ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះ ឈ្មោះ ស្រ៊ន សុផន ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែកវត្ថុតាងចាប់យកបានមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀន ចំនួន៦កញ្ចប់ធំល្មម និងម៉ូតូម៉ាក yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-8158 ចំនួន០១គ្រឿង (របស់ជនសង្ស័យ) និងកាបូបដៃ ពណ៌ក្រហមចំនួន១ រីឯសម្ភារ:បាត់បង់ប្រាក់ដុល្លារចំនួន ៣៧០ដុល្លារសហរដ្ឋអាមេរិច ។

ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះទៅផ្សារតាខ្មៅ តែពេលជិះមកដល់ចំណុចខាងត្បូងស្តុបA9 ចម្ងាយប្រហែល៥០ម៉ែត្រ ក៏ត្រូវជនសង្ស័យទាំងពីរនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក yamaha sirius ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់កាបូបលុយ របស់ជនរងគ្រោះ ដោយជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ចាន់ណារ៉េត ហៅព្រីង ជាអ្នកបើកម៉ូតូ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ ដែលអង្គុយខាងក្រោយ ជាអ្នកធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះ ដែលគាត់បានទុកនៅខ្លុបម៉ូតូខាងមុខ បន្ទាប់ពីឆក់បានហើយ ជនសង្ស័យឈ្មោះ ម៉ៅ បានដកលុយក្នុងកាបូបយកទាំងអស់ ហើយបោះកាបូបនោះចោល រួចនាំគ្នាជិះគេចខ្លួន តែត្រូវជនរងគ្រោះ ជិះម៉ូតូដេញតាម ហើយស្រែកថាចោរៗ ទើបប្រជាពលរដ្ឋនាំគ្នាជួយដេញចាប់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ ម៉ៅ ចាន់ណារ៉េត ហៅ ព្រីង​ យកមកប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមនីតិវិធីតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ម៉ៅ ចាន់ណារ៉េត ហៅព្រីង បានប្រាប់ថា៖ ខ្លួន និងបក្ខពួកឈ្មោះម៉ៅ ពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយ ពីជនរងគ្រោះប្រាកដមែន រីឯគ្រឿងញៀនវិញ ខ្លួនគាត់បានទិញពីឈ្មោះ ម៉ៅ ក្នុងមួយកញ្ចប់តម្លៃ៤ម៉ឺនរៀល ទុកលក់វិញក្នុងតំលៃ៦ម៉ឺនរៀល៕

មតិយោបល់