ត្បូងឃ្មុំៈ គួរឲ្យអាសូរណាស់ ក្មេងប្រុសម្នាក់ ឈ្មោះ ម៉ា ណាន អាយុ៤ឆ្នាំ មានជម្ងឺមហារីកដុះសាច់ក្នុងច្រមុះយ៉ាងធ្ងន់ធ្ងរ ដោយមិនដឹងរកវិធីណា ដើម្បីព្យាបាលឲ្យជាសះស្បោយ ពីជំងឺដ៏កាចសាហាវនេះទេ។
ប្រភពបានឲ្យដឹងពីជីដូន ឈ្មោះ ណូ ម៉ារីយ៉ះ ឲ្យដឹងថា ចៅគាត់មានជម្ងឺនេះ ជាង២ឆ្នាំហើយ។ គាត់ខំប្រឹងយកចៅទៅពេទ្យជាច្រើនលើកច្រើនសារ លក់ទាំងដី លក់ចំការ ចំណាយអស់ថវិកាជាច្រើន ដើម្បីព្យាបាលចៅ តែមិនបានលទ្ធផលសោះ។
ពេទ្យប្រាប់ថា ចៅរបស់គាត់មានជំងឺមហារីកដុះសាច់ក្នុងច្រមុះ ហើយភ្នែកវិញលៀនចេញកាន់តែធំឡើងៗ សឹងតែចង់ផ្ទុះមកក្រៅ ហើយវាចាប់ផ្តើមខ្លាំងបែបនេះ ក្នុងកំឡុងពេលមួយខែមុននេះ គាត់ពិបាកចិត្តខ្លាំងណាស់ ព្រោះជំងឺរបស់ចៅកាន់តែធ្ងន់ធ្ងរទៅៗ ឈឺឥតឈប់ ហើយគាត់សព្វថ្ងៃ ក៏មានជំងឺជាប់ខ្លួនទៀត មិនដឹងជារកវិធីណាទេ ដើម្បីជួយចៅដ៏កំសត់ម្នាក់នេះ។
ម្តាយរបស់ក្មួយដ៏កំសត់នេះ ឈ្មោះ វ៉ា នីតា ជាកម្មការិនីរោងចក្រ សព្វថ្ងៃធ្វើការនៅប៉ោយប៉ែត ឯឪពុកឈ្មោះ នើរ ហារ៉ម៉ៃ ក៏មិនដឹងថា ទៅណាទេ គ្រាន់តែដឹងថា ទៅរកស៊ីឆ្ងាយតែបាត់ដំណឹងសូន្យ។
ហេតុដូចបានរាប់រៀបខាងលើនេះ លោកយាយក្មួយប្រុសក៏កំសត់នេះ សូមអំពាវនាវសុំសម្តេច ទ្រង់ឯកឧត្តម មេត្តាជួយចៅគាត់ផង ព្រោះគាត់អស់លទ្ធភាពក្នុងការព្យាបាលចៅគាត់ហើយ។
បច្ចុប្បន្ន គាត់រស់នៅភូមិអំពាក់២ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕
មតិយោបល់