ភ្នំពេញៈ អស់រយៈពេល១៤ថ្ងៃ បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី រហូតមកដល់ថ្ងៃនេះ ប្រជាជនខ្មែរ លែងបានឃើញមុខ ឬឮសំឡេងអ្នកវិភាគដ៏ល្បីឈ្មោះនៅកម្ពុជា ដោយផ្ទាល់តទៅទៀតហើយ។
មនុស្សរាប់ម៉ឺននាក់ បានចេញមកឈរត្រៀបត្រាតាមដងផ្លូវ និងចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដោយក្ដីអាឡោះអាល័យ និងចំណាយពេលប្រមាណជាង៦ម៉ោង ទើបក្បួនដង្ហែចេញផុតពីរាជធានីភ្នំពេញ។ ក្បួនដង្ហែសពបណ្ឌិតរូបនេះ បានចាប់ផ្ដើមចេញពីវត្តពោធិយារាម ឬវត្តចាស់ តាំងពីព្រលឹមស្រាងៗម៉ោងជាង៦កន្លះ ហើយធ្វើដំណើរចេញផុតពីរង្វង់មូលចោមចៅ ឆ្ពោះទៅតាមផ្លូវជាតិលេខ៣ នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។
ព្រលឹមស្រាងៗ នាព្រឹកថ្ងៃនេះ ក្រុមគ្រួសារ និងគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងអភិវឌ្ឍន៍សង្គម ដ៏ល្បីឈ្មោះនៅកម្ពុជា ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានរៀបចំធ្វើដំណើរចាកចេញពីវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្បួនដង្ហែសពអ្នកវិភាគដែលត្រូវបានឃាតករបាញ់ស្លាប់ទាំងកណ្ដាលថ្ងៃត្រង់កាលពី២សប្ដាហ៍មុន បានឆក់យកបេះដូងប្រជាពលរដ្ឋកម្ពុជា ជាច្រើននាក់ ដែលគោរពស្រឡាញ់ និងគាំទ្រលោក ដោយក្ដីក្ដុកក្ដួលអាឡោះអាល័យពន់ពេក ចំពោះដំណើរឆ្ពោះទៅកាន់ភពថ្មី គ្មានថ្ងៃវិលវិញនេះ។
នៅវេលាម៉ោងជាង៩ព្រឹក ខណៈក្បួនរថយន្តដង្ហែសពលោក កែម ឡី កំពុងរំកិលកង់ឡើងស្ពានអាកាស៥មករា ចំណុចស្តុបតិចណូ (ស្តុបទួលគោក) រថយន្តដឹកសពរបស់លោកក៏បានរលត់ម៉ាស៊ីន ហើយប្រជាពលរដ្ឋជាយុវជនយ៉ាងច្រើន បានស្ទុះស្ទាររត់មករុញរថយន្តនោះឡើងលើស្ពាន ដើម្បីមិនឲ្យរថយន្តរអិលថយក្រោយ។ ប៉ុន្មាននាទីក្រោយមក រថយន្តនោះក៏ត្រូវបានបញ្ឆេះឡើងវិញ ហើយបន្តដំណើរឆ្ពោះទៅទីកំណើតរបស់លោកនៅខេត្តតាកែវ ដោយរលូន។
បើទោះជាក្បួនថ្មើរជើងអ្នកចូលរួមដង្ហែសពលោកបណ្ឌិតរូបនេះ មិនត្រូវបានសាលារាជធានីភ្នំពេញ អនុញ្ញាតនាពេលកន្លងមកក្ដី ប៉ុន្តែយើងនៅតែមើលឃើញថា ប្រជាពលរដ្ឋនៅតែអាចដើរដោយថ្មើរជើងដង្ហែសពបណ្ឌិត កែម ឡី រហូតដល់រង្វង់មូលចោមចៅ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់នេះ។ បន្ទាប់ពីដល់រង្វង់មូលចោមចៅ ក្បាលក្បួនដង្ហែសពលោក កែម ឡី បង្វែរទៅតាមផ្លូវជាតិលេខ៣ បន្ដដំណើរឆ្ពោះទៅស្រុកកំណើតរបស់លោក ដែលស្ថិតនៅក្នុងភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
យ៉ាងណាមិញ បើតាមការអះអាងរបស់អាជ្ញាធរកាលពីថ្ងៃម្សិលមិញ កងកម្លាំងសមត្ថកិច្ចប្រមាណជាង២០០០នាក់ ត្រូវបានដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍ និងការពារសន្តិសុខក្នុងពេលដង្ហែក្បួន ដើម្បីអាចប្រព្រឹត្តទៅដោយរលូនផងដែរ។
លោកបណ្ឌិត កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងអភិវឌ្ឍន៍សង្គមដ៏ល្បីឈ្មោះនៅកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តារម៉ាត ស្ថានីយ៍ចាក់ប្រេងកាល់តិច នៅវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងអង្គុយផឹកកាហ្វេ។ សពលោកបណ្ឌិត ត្រូវបានយកទៅតម្កល់ទុកនៅវត្តពោធិយារាម អស់រយៈពេល១៤ថ្ងៃ មុននឹងដង្ហែយកទៅបញ្ចុះនៅស្រុកត្រាំកក់ ខេត្តតាកែវ ដែលទីកំណើតរបស់លោក។ យ៉ាងណាមិញ ឃាតករដែលអះអាងថា ខ្លួនឈ្មោះ ជួប សម្លាប់ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពបាញ់សម្លាប់លោក កែម ឡី ហើយរត់គេចខ្លួនរហូតដល់សង្កាត់ទន្លេបាសាក់។ រហូតមកទល់នឹងពេលនេះ ឃាតករ ជួប សម្លាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីពេញ សម្រេចធ្វើការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីធ្វើការស៊ើបអង្កេតតាមនីតិវិធី៕
https://www.youtube.com/watch?v=bPGSeyPCpLo
មតិយោបល់