ព័ត៌មានជាតិ

សង្ស័យអាវុធហត្ថ ពាក់ស័ក្ត៤ កន្លះម្នាក់ ស្រវឹងស្រា បើករថយន្តបុកម៉ូតូ បណ្ដាលរបួសធ្ងន់មនុស្ស ២នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១និង ១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចជិតមន្ទីរពេទ្យ សួគ៌ា លើផ្លូវ២១៧ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់បុរស២នាក់។

រថយន្តបង្កម៉ាក LEXUS 470 គ្មានពាក់ស្លាកលេខ (មានលតាបត្របង់ពន្ធ មធ្យោបាយដឹកជញ្ជូន) ស្លាកលេខ ភ្នំពេញ 2N-7171 សង្ស័យស្លាកលេខក្លែងក្លាយ ព្រោះស្កែន QR Code មិនចេញឡើយ ហើយក្នុងរថយន្ត គេឃើញមានឯកសណ្ឋាន មន្ត្រីអាវុធហត្ថស័ក្តិ៤កន្លះ ពាក់ខាងក្រោយកៅអីអង្គុយ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាក Suzuki Smash ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1L-2586។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញបុរស ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២១៧ ជាមួយល្បឿនលឿនល្មម។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា សង្ស័យជាមន្រ្តីប៉េអឹម តែមិនដឹងធ្វើការនៅអង្គភាពណាទេ បានបើកបរស្របទិសគ្នា មកបុកពីក្រោយ បណ្ដាលឲ្យដួលខ្ទាតមនុស្សបោកនឹងថ្នល់ គាបម៉ូតូជាប់ពីមុខរថយន្ត អូសជាង២០ម៉ែត្រ ទើបឈប់។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះមកធ្វើការវាស់វែង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់