កណ្តាលៈ លោកអធិការស្រុកកោះធំបានប្រាប់ Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រើហិង្សាវាយច្របាច់.កប្រពន្ធ រួចដដុតកម្ទេចរោងស្នាក់នៅគ្មានសល់ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យខាងលើនេះមានឈ្មោះ ប៉ូច ពុយ ភេទប្រុស អាយុ៣៣ឆ្នាំ ហើយរយៈកាលកន្លងមក ជនសង្ស័យជាប្ដី ធ្លាប់បានវាយតប់លើប្រពន្ធជាញឹកញាប់ និងធ្លាប់បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសារ ហើយក៏ត្រូវបានសមត្ថកិច្ចកោះហៅមកប៉ុស្ដិ៍រដ្ឋបាល ធ្វើការណែនាំអប់រំ និងមានកិច្ចសន្យាម្ដងជាពីរដង នៅតែមិនរាងចាល។ លុះនៅពេលវេលាកើតហេតុខាងលើ ជនសង្ស័យបានផឹកស្រាស្រវឹង រួចត្រឡប់មកដល់ផ្ទះវិញក៏បាននិយាយរករឿងប្រពន្ធ ពេលប្រពន្ធតបសម្ដីវិញបានបន្តិច ជនសង្ស័យជាប្ដីបានស្ទុះទៅចាប់ច្របាច់.កប្រពន្ធ និងបានយកភ្លើងដុតរោងស្នាក់នៅនិងចិញ្ចឹមគោ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ត្រូវប្រពន្ធប្តឹងប៉ូលិសឲ្យចាប់ខ្លួនតែម្តង៕



មតិយោបល់