ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកម៉ូតូកង់បីពីក្រោយ រុញផ្ទប់រថយន្តឡិចស៊ីសច្រាសទិសរបួស៣នាក់

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបោះពួយល្បឿន លឿន ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី រួចរុញផ្ទប់ទៅនឹងរថយន្តលុចស៊ីស កំពុងបើកច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្ស៣នាក់ ជិះលើកង់បីរងរបួស កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ H1 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-6315 បើកយ៉ាងលឿន តាមផ្លូវ២២០០៤ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ស្វារៀង1N-7677 ពីក្រោយ ដែលបម្រុងបត់ឆ្វេង រួចរុញផ្ទប់ទៅបុកនឹងរថយន្តមួយគ្រឿងទៀត បើកច្រាស់ទិសគ្នា ម៉ាក លុចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1893។

ហេតុការណ៍នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូកង់បីរងរបួសធ្ងន់ ស្ត្រីរួមដំណើរ២នាក់ រងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ មធ្យោបាយពាក់ព័ន្ធ ត្រូវបាន នគរបាលជំនាញ ចុះវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់