ភ្នំពេញៈ រថយន្តដឹកឥដ្ឋ សង្ស័យដាច់ហ្វ្រាង់ ចុះពីលើស្ពានទៅបុករថយន្តដឹកធូប ក្រឡាប់ទាំងពីរ របួសធ្ងន់ស្រាលប្រុសស្រី៤នាក់ កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី ១៥ខែតុលា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដឹកឥដ្ឋ ពណ៌ស អត់ពាក់ស្លាកលេខ។ រថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ2F-6980 ជារថយន្តដឹកធូប។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំងពីរ បានបើកឡើងស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ទិសដៅពីកើតទៅលិច លុះមកដល់រង្វង់មូល ខាងលិចស្ពានព្រែកព្នៅ ដែលជាចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកឥដ្ឋ សង្ស័យដាច់ហ្វ្រាង់ ជ្រុលទៅបុករថយន្តដឹកធូប បណ្តាលឲ្យក្រឡាប់ចាក់មនុស្ស នៅលើឥដ្ឋធ្លាក់មកដល់ដី រងរបួសធ្ងន់នារី២នាក់ និងប្រុសស្រី២នាក់ទៀតរបួសស្រាល ចំណែករថយន្តទាំងពីរគ្រឿងក្រឡាប់។
ក្រោយកើតហេតុសមត្ថកិច្ច បានវាស់វែងយករថយន្ត ដាក់ខាងរួចបញ្ជូល ទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយតាមនីតិវិធី៕
មតិយោបល់