ព័ត៌មានជាតិ

យុវជនម្នាក់ ធ្លាក់ចូលក្នុងខ្ទះ ខណៈកំពុងកូរចំណីត្រី រងរបួសធ្ងន់ ស្លាប់ពេលទៅដល់ពេទ្យ

ភ្នំពេញៈ យុវជនម្នាក់បានធ្លាក់ចូលក្នុងខ្ទះ ខណៈកំពុងកូរចំណីត្រី ដោយសារតែរងរបួសធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់ នៅពេលដឹកទៅសង្គ្រោះ ដល់ពេទ្យបង្អែកព្រែកព្នៅ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៩ ត្រង់ចំណុចស្រះត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ច បានឲ្យដឹងថា សពយុវជនរងគ្រោះ ឈ្មោះ ម៉ៅ ម៉េង ភេទប្រុស អាយុ ២០ ឆ្នាំ ជាជនជាតិខ្មែរ មុខរបរកម្មករចិញ្ចឹមត្រី ស្រុកកំណើតនៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។

បើតាមឈ្មោះ ស៊ុយ ប៉ូ ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកធំ មានទីលំនៅ ជាមួយគ្នាខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកូរចំណីត្រី និងកម្មករ ២នាក់ទៀត ក៏បាននាំគ្នាកូរចំណីត្រី ខណៈដែលម្នាក់កំពុងអូសរទេះ និងម្នាក់ទៀតចូកចំណីត្រី យកទៅឲ្យត្រីស៊ី ពេលនោះជនរងគ្រោះ គេសង្ស័យថា យកប៉ែលទៅកៀរចំណីត្រី ដែលនៅជាប់ បណ្ដាលឱ្យម៉ាស៊ីនកូរចំណីត្រី បោកក្បាលផ្ទប់ចូលក្នុងខ្ទះ គាបជាប់ក៏រងរបួសជាទម្ងន់ ហើយភ្លាមៗនោះ កម្មករ២នាក់ ក៏បាននាំគ្នាពន្លត់ម៉ាស៊ីន ហើយដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ ដោយស្ថានភាពរបួសធ្ងន់ពេក ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកតែម្ដង ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅដាក់នៅវត្តព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុពិតប្រាកដ៕

មតិយោបល់