សៀមរាបៈ យោងតាមផេក របស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ មានធ្វើកិច្ចបកស្រាយបំភ្លឺរបស់ ក្រុមហ៊ុមរាជសីក្រុងអង្គររៀលស៊ីស្ទេត ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្ត ទទួលបន្ទុកផែនសន្តិសុខ នៃស្នងការនគរបាលខេត្តសៀមរាប ។
តាមការគូសបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានឲ្យដឹងថា ក្រោមបទបញ្ជារបស់គណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត ក៏ដូចលោកស្នងការនគរបាលខេត្ត ដើមី្បធ្វើការទប់ស្កាត់នូវរាល់បញ្ហាព័ត៌មាន ដែលបំពុលសង្គម តាម ប្រព័ន្ធសង្គម ដែលតែងកើតមានឡើងនៅក្នុងខេត្ត ។ លោកបានបញ្ជាក់ថា ចំពោះបងប្អូនអ្នកដែលបានប្រប្រាស់ប្រព័ន្ធ សង្គម សំខាន់ Facebook និងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការចែកចាយបន្ត គឺត្រូវឲ្យមានការគិតពិចារណាឲ្យបាន ច្បាស់លាស់ ចំពោះព័ត៌មានដែលពិត ឬ មិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ។ ដូច្នេះចំពោះព័ត៌មានពិត ឬមិនពិត ក៏ត្រូវឈរលើជំហរគិតពិចារណាឲ្យបានស៊ីជម្រៅ មុននឹងធ្វើការផ្សព្វផ្សាយបន្ត និង ចែកចាយបន្ត ដែលសំខាន់ ព័ត៌មានមួយចំនួន ដែលមានការពាក់ព័ន្ធដល់សន្តិសុខជាតិ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ក្នុងនោះដែរលោកក៏សុំឲ្យបងប្អូនអ្នកប្រើប្រាស់បណ្តាញ Facebook ទាំងអស់ មុនធ្វើការបង្ហោះព័ត៌មានអ្វីមួយ ក៏ត្រូវធ្វើការពិចារណា រាល់ហានីភ័យទាំងឡាយ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើមី្បជៀសវាងកុំឲ្យមានការខុសឆ្គង រហូតដល់ច្បាប់ព្រហ្មទណ្ឌ ដែល ធ្វើឲ្យមានទោសទៀតផង ។ ដូច្នេះរាល់ការប្រើប្រាស់ប្រព័ន្ធសង្គមនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទី ចំពោះមុខច្បាប់ ទៀតផង ។ លោកស្នងការរងក៏បានឲ្យដឹងផងដែរថា ចំពោះករណីនៃការបង្ហោះការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ ក្រុមហ៊ុនរាជសីក្រុងអង្គររៀលស៊ីស្ទេត ក្នុងការលក់ដីឡូត៌នៅតាមប្រព័ន្ធ Facebook ដែលថាដីឡូត៌ស្ថិតជាប់នឹងទីតាំងអាកាស៊ីណូ ម៉ាកាវនោះ គឺបណ្តាមកពីបុគ្គលិកទីផ្សារមួយចំនួន បានធ្វើការបង្កើត ផេករបស់ខ្លួន ដើមី្បធ្វើការផ្សព្វផ្សាយ ថានៅតំបន់ ដីឡូត៌របស់ខ្លួន ស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ថាមានកាស៊ីណូម៉ាកាវ ដោយពួកបុគ្គលិកទាំងនោះបានយក រូបភាពពី យូធូបរបស់ចិនមកភ្ជាប់ជាមួយតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា ក្រោយពីទទួលការណែនាំរបស់រដ្ឋបាល ខេត្តសៀមរាប ហើយក្រុមហ៊ុនក៏បានប្រាប់ទៅបុគ្គលិកខ្លួន លុបផេកទាំងនោះ មិនឲ្យបន្តធ្វើការបង្ហោះផ្សព្វផ្សាយទៀត ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចធ្វើការបញ្ឃប់ការបង្ហោះផ្សព្វផ្សាយទៀតផង ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ចាប់ពីពេលនេះទៅបើក្រុមហ៊ុន នៅតែបន្ត ធ្វើការបង្ហោះផ្សព្វផ្សាយ ចំពោះករណីនេះ សមត្ថកិច្ចនិងមានវិធានការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងដូចពេល នេះទៀតឡើយ ។ ម៉្យាងទៀត ចំពោះបណ្តាក្រុមហ៊ុននានា ដែលធ្វើអ្វីប្រាស់ចាកពីច្បាប់ និង មានការពាក់ព័ន្ធដល់សន្តិសុខ សង្គម ក៏យើងមិនអត់អោនឡើយ គឺអនុវត្តទៅតាមផ្លូវច្បាប់ ។
តាមការបំភ្លឺរបស់លោក ហើន ផានី ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុមរាជសីក្រុងអង្គររៀលស៊ីស្ទេត ក៏បាន បញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចជំនាញ ក្រុមហ៊ុនបានទទួលយករាល់ចំណុចដែលបានលើកឡើង យកទៅអនុវត្ត មិនឲ្យមានការបន្តទៀតឡើយ ។ ក្នុងនោះដែរតំណាងក្រុមហ៊ុន ក៏បានលើកអំពីមូលហេតុមួយចំនួនដែល បានបំភ្លើសពីការពិត នៅក្នុងតំបន់ដីឡូត៌របស់ក្រុមហ៊ុនខ្លួន ដែលធ្វើឲ្យមហាជនមានការភ័ន្តច្រឡំ គឺបណ្តាមកពីបុគ្គលិកទី ផ្សាររបស់ក្រុមហ៊ុន មានការយល់ច្រឡំថា មានកាស៊ីណូម៉ាកាវ នៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ថាជាប់នឹងដីឡូត៌ របស់ក្រុមហ៊ុន ។ តែជាការពិតក៏ពុំមានច្បាប់ណាមួយ ឲ្យមានបង្កើតកាស៊ីណូនៅលើទឹកដីខេត្តសៀមរាបឡើយ ។ ក្រោយ ពីទទួលការអនុគ្រោះពីអាជ្ញាធរខេត្ត តំណាងក្រុមហ៊ុន ក៏បានធ្វើការថ្លែងអំណរគុណ ចំពឯកឧត្តមអភិបាលខេត្ត និង កម្លាំង សមត្ថកិច្ច ដែលបានធ្វើការអប់រំ ណែនាំ និង មានការអនុគ្រោះ នូវបញ្ហាទាំងឡាយដែលក្រុមហ៊ុនបានធ្វើឲ្យមានការខុស ឆ្គងកន្លងមក ព្រមទាំងបានតាំងចិត្តកែប្រែកំហុសឆ្គងទាំងនោះ និង បញ្ឈប់នូវការផ្សព្វផ្សាយដែលគ្មានប្រភពពិតប្រាកដ ។ ក្នុងនោះលោកក៏បានសំណូមពរផងដែរថា នៅពេលខាងមុខបើមាន ផេករបស់បុគ្គលិកណាមួយនៅតែបន្តធ្វើការផ្សព្វ ផ្សាយនោះ គឺ សូមឲ្យសមត្ថកិច្ចមានវិធានការចំពោះបុគ្គលទាំងនោះទៀតផង ៕
មតិយោបល់