ព័ត៌មានជាតិ

ឪពុកមា និងក្មួយពីរនាក់ ជិះទូកត្នោត ទៅបេះផ្កាស្នោ ក៏លង់ទឹកស្លាប់ទាំង ២នាក់ ក្នុងរណ្តៅដីយ៉ាងអាណោចអាធ័ម

ភ្នំពេញៈ ឪពុកមា និងក្មួយពីរនាក់ ជិះទូកត្នោតទៅបេះផ្កាស្នោ ស្រាប់តែជួបគ្រោះអកុសល លង់ទឹកស្លាប់ទាំ២នាក់តែម្ដង ក្នុងរណ្តៅដីយ៉ាងអាណោច អាធ័ម បើទោះបីអ្នកឃើញហេតុការណ៍ បានជួយសង្គ្រោះយ៉ាងណាក៏មិនទាន់ទ្បើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង០០នាទីព្រឹកថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៩ ត្រង់ចំណុចអូរក្រៅខាងក្រោយផ្ទះ ស្ថិតនៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះទី ១ឈ្មោះ ចយ សម្ផស្ស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាកសិករ និងទី ២ ឈ្មោះ ដន រិទ្ធ ភេទប្រុស អាយុ ៦ ឆ្នាំមុខរបរជាសិស្ស ទាំង២នាក់ ឪពុកមា និងរស់នៅក្បែរទីតាំងកើតហេតុខាងលើ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឪពុកមា និងក្មួយទាំងពីរនាក់ បានជិះទូកត្នោត គោលបំណងទៅបេះផ្កាស្នោ ក្នុងរណ្តៅដែលគេជីកដីលក់ នៅអូរក្រៅខាងក្រោយផ្ទះ ប៉ុន្តែដោយសារទឹកជ្រៅ មិនទាន់បានបេះផង ក៏ស្រាប់តែក្រឡាប់ទូកលិច បណ្ដាលឲ្យលង់ស្លាប់ទាំង ២នាក់តែម្ដង ។

ភ្លាមៗអ្នកភូមិ ដោយបានដឹងដំណឹងនេះ ក៏នាំគ្នាទៅជួយស្រង់ ដើម្បីឲ្យយក មកសង្គ្រោះ ប៉ុន្តែហួសពេលហើយ ជនរងគ្រោះទាំង ២នាក់ បានដាច់ខ្យល់ស្លាប់ បាត់ហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះពិនិត្យ និងធ្វើកោសល្យវិច័យ សន្និដ្ឋានថា ជនរងគ្រោះទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់សព ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋាន ៕

មតិយោបល់