ព័ត៌មានជាតិ

Update៖ សាហាវណាស់! អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវឃាតក ច្របាច់.ក ដល់ស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញ: នៅវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីឃាតកម្ម ច្របាច់.ក បណ្តាលឲ្យស្លាប់ ហើយយកម៉ូតូជនរងគ្រោះទៅបាត់។

ជនរងគ្រោះឈ្មោះ មែក ភីន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ (ជាងកញ្ចក់ និង រត់ម៉ូតូឌុប) មានស្រុកកំណើត ភូមិសំភ្លី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិដំណាក់ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកនៅកន្លែងកើតហេតុ ៖
-កាំភ្លើងជ័រចំនួន ០១ ដើម (ម៉ាករ៉ូឡូ)
-ស្បែកជើងចំនួន ០១ គូរ
-មួកសុវត្ថិភាពចំនួន ០១
-កញ្ចក់ម៉ូតូចំនួន ០១
-អាវយឺតពណ៌ទឹកក្រូចចំនួន ០១

សម្ភារ:បាត់បង់ ៖
-ម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA C125 ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1V-0526 ទូរស័ព្ទម៉ាក OPPO ចំនួន ០១ គ្រឿង និង កាបូបលុយ របស់ជនរងគ្រោះ ។

តាមសម្តីប្អូនប្រុសជនរងគ្រោះ ឈ្មោះ មែក ភាព ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ជាមួយជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង២០ និង២០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ គាត់បានខលទូរស័ព្ទ ទៅបងប្រុសរបស់គាត់ តែខលមិនចូលដោយខ្លាចបងប្រុសមានរឿង ព្រោះរាល់ដងម៉ោង២១ និង០០នាទី បងគាត់តែងតែមកដល់ផ្ទះ តែថ្ងៃនេះមិនឃើញ ទើបគាត់ ជាមួយមិត្តភក្តិ បានចេញម៉ូតូដើររក តែរកមិនឃើញសោះ រហូតដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ពួកគាត់ចូលដេកវិញ។

លុះដល់ម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃដដែល បងជីដូនមួយ បានខលប្រាប់គាត់ថា បងប្រុសគាត់ស្លាប់ហើយ ពេលឮដំណឹងនេះភ្លាម គាត់បានជិះម៉ូតូចេញពីផ្ទះ មកកន្លែងកើតហេតុ ក៏ឃើញបងប្រុសស្លាប់ប្រាកដមែន ក្រោមមកគាត់ក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានអាវុធហត្ថដង្កោតែម្តង ។

តាមការធ្វើកោសល្យវិច័យរបស់លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យតុលាការ បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារករណីឃាតកម្ម ដោយជនសង្ស័យ ធ្វើសកម្មភាពច្របាច់.កជនរងគ្រោះ រហូតដល់ស្លាប់ យកម៉ូតូទៅបាត់ ។

ក្រោយធ្វើកោសល្យវិច័យរួច សពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕

មតិយោបល់