ព័ត៌មានជាតិ

Update៖ លាន់ដូចរន្ទះ! រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យផ្ទុះឆេះ របួសមនុស្សជាច្រើននាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១១ និង ៤៥នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរក្រាំងអំបិល ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ ស្ថិតក្នុងភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្ដាលឱ្យទុស្សេឆេះ របួសធ្ងន់ស្រាលចំនួន៦នាក់។

ជនរងគ្រោះខាងលើ រួមមាន៖
ទី១-ឈ្មោះ សុខ ខា ភេទស្រី អាយុ ១៩ឆ្នាំ (របួសធ្ងន់)
ទី២-ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ២០ឆ្នាំ (របួសស្រាល) ។ អ្នកទាំងពីរ រស់នៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកច្រាំក្រហម ខេត្តកំពង់ធំ។
ទី៣-ឈ្មោះ វឿន ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ ( របួសស្រាល )
ទី៤-ឈ្មោះ ម៉ៃ មាច ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល)។ អ្នកទាំងពីរ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។
ទី៥-ឈ្មោះ ស៊ិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ (របួសស្រាល) រស់នៅភូមិប្រីយ៍ ឃុំទ្រា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ទី៦-ឈ្មោះមិនស្គាល់ឈ្មោះ (របួសធ្ងន់)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក Ford ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-0199 ធ្វើដំណើរយ៉ាងលឿន (អ្នកបើកបរមិនទាន់ស្គាល់ រត់គេចខ្លួន) ។ មកដល់ចំណុចកើតហេតុ បានបុកគូទរថយន្ត១ គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9186 មានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5956 អ្នកបើកបរមិនស្គាល់ឈ្មោះ (ចុះរត់គេចខ្លួនបាត់)។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯរថយន្ត Ford ឆ្លងចរន្តអគ្គិសនី ឆេះសល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ករណីនេះ សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បាញ់ទឹកពន្លត់ រហូតដល់ភ្លើងរលត់ ទើបសមត្ថកិច្ច ធ្វើការវាស់វែង និងយានយន្តពាក់ព័ន្ធ ទៅរក្សាទុក ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់