ព័ត៌មានជាតិ

រថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន ជីបម៉ុង ខតគ្រីត បត់ឆ្វេងបុកម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញៈ យុវជន២នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តដឹកបេតុង បើកបត់ឆ្វេងកៀរម៉ូតូស្មាស់ ក្នុងដំណើរស្របទិសគ្នា កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តអង្គតាគៀត ភូមិអង្គតាគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះរបួសធ្ងន់ធ្ងរឈ្មោះ នួន នុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ ស្នាក់នៅតាមគ្រឿងចក្រ គេជួលទៅធ្វើកន្លែងណាស្នាក់នៅកន្លែងនោះ មានទីលំនៅភូមិព្រែកយាយហ៊ិន១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុរថយន្តដឹកបេតុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-1161 បើកពីត្បូងទៅជើង ដល់ចំណុចខាងលើបន្ថយល្បឿន រីឯជនរងគ្រោះមានគ្នា២នាក់ ជិះម៉ូតូស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-3727 បើកស្របទិស ឃើញរថយន្តបង្អន់ល្បឿន ក៏វ៉ាជែងពីខាងឆ្វេងមិនទាន់ទាំងផុតផង ស្រាប់តែរថយន្តស៊ីញ៉ូឆ្វេងភ្លែតបត់ឆ្លងផ្លូវភ្លាម បណ្តាលឲ្យកៀរម៉ូតូ ទាក់ទាញចូលទៅពីខាងមុខរថយន្តតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូ នគរបាលចុះទៅវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរង់ចាំដោះស្រាយតាមនីតិវិធី ៕

មតិយោបល់