ព័ត៌មានជាតិ

ម៉ូតូកង់បីបើកល្បឿនលឿន គេចពីរថយន្តឆ្លងផ្លូវ ជ្រុលទៅបុកក្បាលនាគក្រឡាប់រងរបួសធ្ងន់

ភ្នំពេញ: ម៉ូតូកង់បីមួយគ្រឿង ដឹកក្រណាត់ ប្រញ៉ាប់បើកបោះពួយល្បឿនលឿន វ៉ាក់អើជាមួយរថយន្តកំពុងឆ្លងផ្លូវ គេចជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់រងរបួសបែកប្រអប់ជើងស្តាំធ្ងន់ ក្បាលនាគប៉ើងវៀចខុសទម្រង់ដើម កាលពីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុម៉ូតូកង់បីខាងលើ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1U-4920 ដឹកក្រណាត់ បើកបរដោយបុរសម្នាក់ បើកល្បឿនលឿនពីលិចទៅកើត លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្ត ធន់ធំមួយគ្រឿងបើកស្របទិស កំពុងបើកឆ្លងផ្លូវ បែជាម៉ូតូកង់បីព្យាយាមគេចឆ្វេងជ្រុល ផុតពីកន្ទុយរថយន្ត ក៏ជ្រុលទៅបុកក្បាលនាគ ចែកទ្រូងផ្លូវ ប៉ើងកបាលនាគ ខុសទម្រង់ដើម កង់បីក្រឡាប់ផ្ងារជើង រងរបួសអ្នកបើកបរធ្ងន់ បែកប្រអប់ជើងស្តាំ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបាន សាច់ញាតិ មកដឹកយកទៅពេទ្យដោយខ្លួនឯង ចំណែកម៉ូតូកង់បីរងខូចខាត រួញមួយកំណាត់មុខ នគរបាលចុះទៅពិនិត្យ និងយកម៉ូតូកង់បីទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ៕

មតិយោបល់