ភ្នំពេញៈ ជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពដុតផ្ទះបងថ្លៃខ្លួនឯងដោយសារតែស្រវឹងគ្រឿងញៀនកាលពីម្សិលមិញ បណ្តាលឲ្យឆាបឆេះគ្មានសល់ រួចរត់គេចខ្លួននោះ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ។
គួររំលឹកផងដែរថា លំនៅដ្ឋាន១ខ្នងសង់អំពីថ្មក្រោមឈើលើ បានរងការឆាបឆេះខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដែលគ្រោះអគ្គិភ័យនេះត្រូវបានម្ចាស់ផ្ទះសង្ស័យថា ប្អូនថ្លៃរបស់ខ្លួនលួចដុតដោយសារស្រវឹងថ្នាំញៀន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះដោយអគ្គិភ័យខាងលើឈ្មោះ ឆាយ សុធា ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ ។
បើតាមសម្តីរបស់លោក ឃ្លាំង សារ៉ា ត្រូវជាកូនប្រសាររបស់ស្ត្រីម្ចាស់ផ្ទះបាននិយាយថា មុនពេលកើតហេតុគាត់បានចេញទៅទិញកាហ្វេផឹកមួយភ្លែត ដោយឲ្យប្អូនថ្លៃប្រុសម្នាក់ឈ្មោះ មាស សីហា នៅចាំផ្ទះជាមួយមិត្តភក្តិ ប៉ុន្តែខណ:ដែលទៅដល់ហាងកាហ្វេមិនទាន់បានផឹកស្រួលផង ស្រាប់តែ
មានគេទូរសព្ទប្រាប់ថា ផ្ទះគាត់កំពុងឆាបឆេះ បាត់ទៅហើយក៏ព្យាយាមរត់ត្រឡប់មកវិញភ្លាមៗ ផងដែរពេលមកដល់ក៏ឃើញអគ្គិភ័យកំពុងឆាបឆេះបាត់ទៅហើយពេលនោះគាត់បានព្យាយាមពន្លត់ដែរ តែអណ្តាតភ្លើងកាន់តែឆេះខ្លាំងទៅៗដោយមិនអាចគ្រប់គ្រងស្ថានការបានឡើយ។
នៅពេលនោះផងដែរសមត្ថកិច្ចមូលដ្ឋាននិងលោក ប៉ឹល កុសល អភិបាលខណ្ឌបានដឹកនាំកម្លាំង និងហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗដោយប្រើអស់ទឹកចំនួន៥រថយន្ត ដើម្បីពន្លត់នឹងបាញ់ទប់ស្កាត់មិនឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបានជោគជ័យទាំងស្រុងនៅវេលាម៉ោង៣និង៤០នាទី ។
តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបាននិយាយថា មិនមានខូចខាតទ្រព្យសម្បត្តិសំខាន់ច្រើនទេក្រៅតែពីផ្ទះទាំងមូលដោយហេតុថា ក្រុមគ្រួសាររបស់គាត់បានទិញផ្ទះនៅក្នុងបុរី មួយកន្លែងរួចបានបញ្ជូនសម្ភារ:ដែលមានតម្លៃយកទៅរក្សារទុកនៅផ្ទះថ្មីអស់ហើយ ដោយរូបគាត់គ្រាន់តែសង្ស័យថាផ្ទះរបស់គាត់ដែលឆេះនេះដោយសារប្អូនថ្លៃឈ្មោះ មាស សីហា ជាអ្នកដុត ព្រោះនៅក្រោយពេលឆេះគេចរត់គេចខ្លួនបាត់អស់ ដោយមិនឃើញមកជួយពន្លត់អគ្គិភ័យនេះឡើយ៕
https://youtu.be/jvfto2GTGP8
មតិយោបល់