កោះកុងៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង ដោយទទួលបានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាព ផលិតផលម្ហូបអាហារនៅផ្សារសហគមន៍ទេសចរណ៍បាងកាយ៉ាក និងហាងលក់ទំនិញតាមផ្ទះមួយចំនួន ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាពក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន និងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់