សៀមរាបៈ ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវ នៅក្នុងស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះ ខេត្តបានបន្តចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវ នៅក្នុងស្រកពួក និងស្រុកក្រឡាញ់ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្ត លោក នាយក នាយករងទីចាត់ការ មន្ត្រីរាជការ មន្ទីរ-អង្គភាព និងមានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានាជាច្រើនទៀត។
គោលបំណង នៃការចុះរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវនេះគឺ ដើម្បីរៀបចំ សោភ័ណ្ឌភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនុវត្តនីតិវិធីដើម្បីឲ្យពួកគាត់ដាក់ពាក្យស្នើសុំច្បាប់អនុញ្ញាតត្រឹមត្រូវ និងលុបបំបាត់ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញត ក្នុងខេត្តសៀមរាបទាំងមូល ឲ្យសក្តិសមជាខេត្តទេសចរណ៍ ប្រវត្តិសាស្ត្រ ដ៏រុងរឿង មានភាពទាក់ទាញខ្លាំងទាំងភ្ញៀវជាតិ អន្តរជាតិ និងដើម្បីរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ទំនៀមទម្លាប់ប្រពៃណីល្អ និងលើកតម្កើងកិត្យានុភាពវប្បធម៌ជាតិ ព្រមទាំងដើម្បីឲ្យរក្សាសម្រស់ធម្មជាតិ បរិស្ថានល្អក្នុងខេត្តទាំងមូល សម្រាប់ការប្រកួតប្រជែងទីក្រុងវៃឆ្លាតក្នុងប្រទេសក្នុងតំបន់ និងពិភពលោក ។
សូមបញ្ជាក់៖ ក្រុមការងារចម្រុះខេត្ត បានចុះអនុវត្តកិច្ចការនេះលើក្រុង ស្រុកចំនួនដូចជា ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកស្វាយលើ និងកំពុងអនុវត្តនៅស្រុកពួក និងស្រុកក្រឡាញ់ ៕
មតិយោបល់