ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញ អង្គុយយំកាលពីវេលាម៉ោង ១២និង៥០នាទីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមផ្លូវក្នុងភូមិចំការសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកអ្នករត់ម៉ូតូឌុប ក៏បានដឹកយកទៅប្រគល់ជូននគរបាល ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ ទើបដឹងថា នាងយំព្រោះតែត្រូវជនសង្ស័យ១ក្រុម ដោះយកគ្រឿងអលង្ការមាស និងយកលុយអស់សរុប៥ពាន់ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមជនសង្ស័យ បានដឹកយកនាងតាំងពីខេត្តព្រះសីហនុ មកទុកចោលនៅត្រង់ចំណុចខាងលើ រួចគេចខ្លួនបាត់ស្រមោលអស់តែម្ដង។
ស្រ្តីរងគ្រោះឈ្មោះ សាំ យ៉ាស់ អាយុ២១ឆ្នាំជនជាតិខ្មែរឥស្លាម មានមុខរបរលក់អីវាន់បោះដុំ មានទីលំនៅក្នុងភូមិវាលរេញ សង្កាត់វាលរេញ ក្រុងព្រៃនប់ ខេត្តព្រះសីហនុ បាត់បង់គ្រឿងអលង្ការមាស១តម្លឹងកន្លះ និងលុយ១២លានរៀល នាងមិនបានដឹងថា ខ្លួនឯងមានរឿងអ្វីកើតឡើងនោះទេ គឺគ្រាន់តែចាំបានថា នៅមុនពេលកើតហេតុ គាត់បានយកលុយចំនួន១២លានរៀល ជិះម៉ូតូឌុប១គ្រឿង ទៅកាន់ផ្សារវាលរេញ ដើម្បីយកលុយខាងលើ ទៅសងម៉ូយថ្លៃទិញអីវាន់ ។
ប្រភពដដែលបានបន្តថា លុះពេលជិះម៉ូតូទៅដល់ផ្សារវាលរេញ គាត់បានទិញទឹកសុទ្ធ១ដបផឹក ក្រោយមកក៏ស្រាប់តែលែងដឹង ខ្លួនរហូតតែម្ដង លុះពេលដឹងខ្លួនឡើងវិញ ស្រាប់តែមកស្ថិតនៅចំណុចខាងលើទៅវិញ។
ហើយចំណែកលុយ ព្រមទាំងគ្រឿងអលង្ការមាសបាត់អស់ពីខ្លួន មិនតែប៉ុណ្ណោះមានអាការៈមិនស្រួលខ្លួនរវើរវាយវិលមុខ ខុសប្រក្រតីថែមទៀតផង។
តាមការសន្និដ្ឋាន នគរបាលសង្ស័យថា ស្រ្តីរងគ្រោះខាងលើ មានអាការៈបែបនេះ ទំនងជាត្រូវថ្នាំសណ្ដំ ទើបប្រាប់ឲ្យបុរសម្នាក់ ដែលត្រូវជាបងថ្លៃ ដឹកទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗដែរ ហើយពេលណាធូរស្រាល ចាំមកដាក់ពាក្យបណ្ដឹងជាក្រោយ៕
មតិយោបល់