ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពង់ធំធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀនដែលមានលក្ខណៈទ្រង់ទ្រាយធំមានទម្ងន់៤០គីឡូក្រាមពុំធ្លាប់មានក្នុងពេលកន្លងមក

កំពង់ធំ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំបានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខមេខ្លោងជួញដូរគ្រឿងញៀនដែលមានលក្ខណ:ទ្រង់ទ្រាយធំរហូតដល់ថ្នាំញៀនចំនួន៤០កញ្ចប់មានទម្ងន់៤០គីឡូក្រាម។

លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំមានប្រសាសន៍ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងនគរបាលជាតិឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំឯកឧត្តមតែងតែយកចិត្តទុកដាក់លើកិច្ចការងារគ្រឿងញៀនជាការងារស្នូលសំខាន់បំផុតនិងបានជំរុញដល់មន្ត្រីជំនាញទាំងអស់ឲ្យយកចិត្តទុកដាក់ចំពោះការងារបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំបានលើកឡើងអំពីវិធានការជំនាញតស៊ូយ៉ាងស្វិតស្វាញរបស់សមត្ថកិច្ចជំនាញតាមដំណាក់កាលនីមួយៗរហូតឈានទៅដល់ការបង្ក្រាបបានជោគជ័យនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២និង៣០នាទីដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំនិងកិច្ចសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រតិបត្តិការនេះដែរលោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាបដោយផ្ទាល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ដកហូតថ្នាំញៀនចំនួន៤០កញ្ចប់មានទម្ងន់៤០គីឡូក្រាមនិងរថយន្តចំនួន០២គ្រឿងនៅចំណុចអាហាដ្ឋានរស់សុខុមផ្លូវជាតិលេខ៦Aភូមិសំណាកឃុំកកោះស្រុកសន្ទុកខេត្តកំពង់ធំ។

ជនសង្ស័យទី១-ឈ្មោះសាក់ស៊ាងសងភេទប្រុសអាយុ៣២ឆ្នាំជនជាតិថៃរស់នៅប្រទេសថៃ,ទី២-ឈ្មោះសុខប៊ុនសិរិឆ័យភេទប្រុសអាយុ៤២ឆ្នាំជនជាតិខ្មែររស់នៅភូមិប្រកាបឃុំរួងជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង,ទី៣-ឈ្មោះលីតឹកភេទប្រុសអាយុ៥៣ឆ្នាំជនជាតិខ្មែររស់នៅភូមិនិមិត្តថ្មីឃុំនិមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនឹងទី៤-ឈ្មោះគង់វណ្ណ:ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែររស់នៅភូមិខ្នាចមាសឃុំខ្នាចមាសស្រុកបវិលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀនជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រឿងញៀនជាថ្នាំបំពុលស្មារតីមិនថាមនុស្សតូចឬធំបើមនុស្សយើងត្រូវបានគ្រឿងញៀនគ្រប់គ្រងបានហើយធ្វើឲ្យមនុស្សបាត់បង់សតិសម្បជញ្ញ:លែងស្គាល់ខុសត្រូវអំពីល្អអំពើអាក្រក់សាច់ញាតិឪពុកម្តាយបងប្អូនមនុស្សជាទីស្រឡាញ់ឡើយហើយស្នើដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាសូមចាត់ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនជាការងារសម្រាប់យើងគ្រប់ៗគ្នាដែលទាមទារឲ្យយើងទាំងអស់គ្នាចូលរួមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីមានវិធានការបង្ក្រាបបានទាន់ពេលវេលា៕

 

មតិយោបល់