ព័ត៌មានជាតិ

ទំនិញខូចគុណភាពរាប់រយគីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង ធ្វើការ ដកហូត ក្នុងនៅផ្សារពាមរក៍

ព្រៃវែងៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តអាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅផ្សារពាមរក៍ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១១ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋម ទៅលើផលិតផល ប្រហិតសាច់គោ បាន ១ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញរកពុំឃើញមានវត្តមានសារធាតុគីមីហាមឃាត់ទេ តែបានរកឃើញទំនិញខូចគុណភាពជាច្រើនមុខសរុបចំនួន ១៨៣.៣ គីឡូក្រាម ដូចជា÷
-ហតដក ២ កញ្ចប់ ស្មើនឹង ១ គីឡូក្រាម
-សណ្តែកខៀវ ៥ កំប៉ុង ស្មើនឹង ២.៥ គីឡូក្រាម
-មីឡូ ៥ កំប៉ុង ស្មើនឹង ២ គីឡូក្រាម
-ប៊ឺ ៤ កំប៉ុង ស្មើនឹង ០.៨ គីឡូក្រាម
-ភេជ្ជសះចម្រុះ ១១៨ ដប ស្មើនឹង ៣៦.៣ គីឡូក្រាម
-នំចំរុះ ៣៦ កញ្ចប់/ធុង ស្មើនឹង ៣៥.៧ គីឡូក្រាម
-ទឹកក្រូចចំរុះ ១១៣ ដប ស្មើនឹង ១០៥ គីឡូក្រាម

សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន ២៨៣ កញ្ចប់ ស្មើនឹង ១៨៣.៣ គីឡូក្រាម។ បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ ហើយឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិតផលម្ហូបអាហារ ដែលហួសថ្ងៃកំណត់ប្រើប្រាស់បន្តទៀត និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឱ្យយល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញនិងសេវា និងបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ផងដែរ៕

 

មតិយោបល់