ព័ត៌មានជាតិ

គ្រឿងញៀនជាច្រើនគីឡូត្រូវបានសមត្ថកិច្ចចម្រុះស្រាវជ្រាវរកឃើញបន្ថែមទៀតបន្ទាប់ពីសួរចម្លើយមេក្លោងជួញដូរដ៏ធំ

កំពង់ធំៈ យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំនៅព្រលប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះបានប្រាប់សារព័ត៌មាននគរបាលជាតិថាថ្នាំញៀនជាច្រើនគីឡូត្រូវបានសមត្ថកិច្ចជំនាញសហការគ្នាស្រាវជ្រាវរកឃើញតាមរយៈការសាកសួរចម្លើយរបស់មេក្លោងគ្រឿងញៀនចំនួន៤នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម្សិលមិញ។

លោកស្នងការនគរបាលខេត្តកំពង់ធំបន្តថាកិច្ចសហប្រតិបត្តិការរុករកទីតាំងលួចលាក់ស្តប់ទុកគ្រឿងញៀនគឺត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០១៩ដោយមានការចូលរួមពីកម្លាំងអធិការស្រុកកំពង់ស្វាយនិងអាជ្ញាធរភូមិ-ឃុំសម្រមសម្រួលដោយលោកអ៊ិតសុធាព្រះរាជអាជ្ញាលោកសាយវាសនាព្រះរាជអាជ្ញារងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃរួមទាំងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឆែកឆេរផ្ទះមួយខ្នងស្ថិតនៅក្នុងភូមិសានគរ(ខ)ឃុំសានគរស្រុកកំពង់ស្វាយខេត្តកំពង់ធំត្រង់ចំណុចខាងកើតប្រឡាយទំនប់៣០កញ្ញាដែលជនសង្ស័យបានលាក់ថ្នាំញៀនប្រភេទបេតមហ្វេតាមីន(ម៉ាទឹកកក)នៅក្នុងផ្ទះធ្វើអំពើស័ង្កសីសង់ជាប់និងដី។

លោកឧត្តមសេនីយ៍ទោអ៊ុកកុសលស្នងការនគរបាលខេត្តកំពង់ធំមានប្រសាសន៍ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម
សខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងនគរបាលជាតិឯកឧត្តមសុខលូអភិបាលខេត្តកំពង់ធំឯកឧត្តមតែងតែយកចិត្តទុកដាក់លើកិច្ចការងារគ្រឿងញៀនជាការងារស្នូលសំខាន់បំផុតនិងបានជំរុញដល់មន្ត្រីជំនាញទាំងអស់អោយយកចិត្តទុកដាក់ចំពោះការងារបង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានទូទាំងខេត្ត។

ទិដ្ឋភាពនៃការឆែកឆេរគឺត្រូវបាននាំជនសង្ស័យទាំង៤នាក់មកចង្អុលបង្ហាញនូវត្ថុតាងក្រោយពីបើកសោរសមត្ថកិច្ចជំនាញបានរកឃើញវ៉ាលីក្រណាត់ចំនួន៣មានពណ៌ក្រហមពណ៌ខ្មៅនិងពណ៌ខៀវដែលបានលាក់ទុកនៅក្រោមគ្រែសមត្ថកិច្ចបាននាំយកវ៉ាលីទាំង៣មកឆែកបានប្រទះឃើញថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែដែលមានពណ៌ទឹកមាសមានរូបសញ្ញាផ្កាយចំនួន៥ដើម្បីបំភាន់ភ្នែកមហាជន។

សូមបញ្ជាក់ថាកាលពីថ្ងៃទី២១ខែតុលាកន្លងទៅសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាមេក្លោងជួញដូរគ្រឿងញៀនចំនួន៤នាក់រួមមនាៈទី១.ឈ្មោះគន់វណ្ណៈភេទប្រុសទី២.ឈ្មោះសុខប៊ុនសិរិឆៃភេទប្រុសនិងទី៣.ឈ្មោះលីតឹកភេទប្រុសទី៤ឈ្មោះសាក់សេងសងជាជនជាតិថៃភេទប្រុសរស់នៅខេត្តតាកប្រទេសថៃ។

លោកឧត្តមសេនីយ៍ទោអ៊ុកកុសល់ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ធំបានមានប្រសាសន៍ថាបន្ថែមថាចំពោះចំនួនពិតនៃគ្រឿងញឿនដែលសមត្ថកិច្ចរកឃើញនៅទីតាំងលាក់ស្តុកខាងលើមិនទាន់ដឹងទម្ងន់ច្បាស់នៅឡើយទេរង់ចាំថ្ងៃស្អែកលោកនឹងធ្វើសន្និសីទបង្ហាញជូនមហាជនអោយបានជ្រាបច្បាស់៕

 

មតិយោបល់