ព័ត៌មានជាតិ

ជនសង្ស័យដៃរហ័ស ជំនាញខាងឆក់ ពេលនេះជាប់ខ្នោះទាំងគូ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ តាមផ្លូវហើយព្យាយាមជិះម៉ូតូរត់ ក៏ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ខណ្ឌពោធិ៍សែនជ័យ ដេញបង្ក្រាបបានជាក់ស្តែងតែម្ដង។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ២០និង២០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ព្រែង សំភី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកជិះពីក្រោយឆក់ និងទី២ឈ្មោះ គា ធា ភេទប្រុសអាយុ ២៤ឆ្នាំ មុខរបរដឹកទឹកកក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ ជាអ្នកបើកម៉ូតូ។

ម៉ូតូជិះធ្វើសកម្មភាពម៉ាកហុងដាសង់ប៊ិច ពណ៌ខ្មៅ កាំបន្ទះស ពាក់ស្លាកលេខ ភ្នំពេញ1BP-3734។ ជនរងគ្រោះ ឈ្មោះ ងួន វ៉ាន់ថន ភេទ ប្រុសអាយុ ៤៥ឆ្នាំ មុខរបរ មន្ត្រីរាជការ ស្នាក់នៅបុរីពិភពថ្មីកំបូល១ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមសម្តីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ តាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចភូមិអង្គកែវ រូបគាត់ក៏បានលើកទូរស័ព្ទមកចុចនិយាយ ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមកពីក្រោយ លូកដៃឆក់យកទូរស័ព្ទរបស់គាត់ រួចជិះសំដៅមករង្វង់មូល ចោមចៅ ភ្លាមនោះ រូបគាត់ក៏បានស្រែកចោរៗ និងដេញតាមពីក្រោយ សំណាងល្អពេលនោះ នគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងដោះស្រាយចរាចរណ៍ នៅក្បែរនោះ ជួយប្រកាសតាមវិទ្យុទាក់ទង ជាបន្តបន្ទាប់ ហើយកម្លាំងអន្តរាគមន៍ ពិសេសខណ្ឌ បានចេញចែកផ្លូវគ្នា រកជនសង្ស័យ តាមភិនភាគដែលប្រកាស តាមវិទ្យុទាក់ទងស្រាប់តែប្រទះជនសង្ស័យ នៅខាងកើតផ្សារព្រៃទា ក៏ដេញឃាត់បាន ជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានប្រគល់ឲ្យផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដោះស្រាយតាមច្បាប់ ចំណែកទូរជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ឲ្យវិញផងដែរ៕

មតិយោបល់