សៀមរាបៈ មានករណីប្រទះឃើញសាកសពអណ្ដែតទឹក ស្ថិតស្ទឹងរលួស ភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ៤ និង ៣៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ សាំ ល្មត់ ភេទស្រី អាយុ ១៩ ឆ្នាំ រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ដំណើររឿង៖ កាលពីវេលាម៉ោង ៩ និង ៥៥នាទីថ្ងៃខាងលើ ម្ដាយជនរងគ្រោះបានមករាយការណ៍ជូនសមត្ថកិច្ច ឲ្យដឹងថា កូនស្រីរបស់ខ្លួនទៅស្ទូចត្រីកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បាត់ពុំឃើញមកផ្ទះវិញ លុះវេលាម៉ោងកើតហេតុ ក៏មានប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក ក្នុងស្ទឹងរលួសនិងបានរាយការណ៍ដល់សមត្ថកិច្ចឲ្យចុះអន្តរាគមន៍។
បន្ទាប់ពីទទួលបានដំណឹង មន្ត្រីជំនាញបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ពោលគឺជនរងគ្រោះពិតជាលង់ទឹកស្លាប់ប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា៖ ជនរងគ្រោះទៅស្ទូចត្រី ក៏រអិលជើងបណ្ដាលឲ្យធ្លាក់ទឹកលង់ស្លាប់តែម្ដង៕
មតិយោបល់