បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ភ្លៀងធ្លាក់០១មេធំរយៈពេលជាង០១ម៉ោង នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ មានផ្ទះប្រជាពលរដ្ឋភាគច្រើនរស់នៅសង្កាត់ព្រះពន្លា ក្នុងភូមិ៣ ត្រង់ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍បានលិចដោយសារតែទឹកភ្លៀងស្ទះលូ ដែលកន្លែងខ្លះផ្ទះលិចកន្លះម៉ែត្រ ខ្លះទៀតលិច០១ម៉ែត្រ ចំណែកទ្រព្យសម្បត្តិ យកមិនទាន់ត្រូវខូតខាតអស់ទាំងស្រុង ជំនន់ទឹកភ្លៀងនេះ បានបង្កឲ្យលិចនៅចំណុចសំខាន់ៗនៅជុំវិញទីរួមខេត្តលិចគ្រប់ច្រក ល្ហក ពិសេសចំណុចម្តុំ ផ្សារសិរីសោភ័ណ ចំណុចបេនឡានចាស់ ចំណុចបេនឡានថ្មី ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ។
ប្រជាពលរដ្ឋម្នាក់លក់អីវ៉ាន់ជិតរង្វង់មូលស្រីគ្រប់លក្ខណ៍បានប្រាប់ថា ជារៀងរាល់ឆ្នាំនៅចំណុចម្តុំបេនឡានចាស់ និងផ្សារសិរីសោភ័ណ ចំណុចរង្វង់មូលស្រីគ្រប់លក្ខណ៍ ឲ្យតែមានភ្លៀងខ្លាំងគឺលិចមានជម្រៅចង់១ម៉ែត្រ ដោយសារតែទឹកហូរមិនទាន់និងស្ទះលូទឹក ដោយសារតែស៊ូទ្រាំរស់នៅផ្ទះទឹកលិច គាត់ក៏បានចាក់ដីចង់១ម៉ែត្រដើម្បីកុំឲ្យទឹកភ្លៀងលិចបន្ត ស្រាប់តែនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះមានភ្លៀងខ្លាំងធ្លាក់មកមួយមេ ស្រាប់តែផ្ទះរបស់គាត់នៅតែលិចទៀត គាត់សែនហួសចិត្តអីវ៉ាន់ត្រូវខូចខាតមួយចំនួន ព្រោះគាត់ប្រមូលយកមិនទាន់។
ទាក់ទិននឹងករណីទឹកលិចចូលក្នុងផ្ទះនេះ មានមតិប្រជាពលរដ្ឋខ្លះគាត់បានរិះគន់ មូលហេតុមកពីប្រជាពលរដ្ឋខ្លះដណ្តើមគ្នាចាក់ដីសាងសង់ផ្ទះអាចបណ្តាលឲ្យបិទប្រព័ន្ធលូទឹក និងកន្លែងខ្លះគឺគ្មានប្រព័ន្ធលូរំដោះទឹកតែម្តង និងកន្លែងខ្លះទៀតលូតូចហូរមិនទាន់។
ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា ឆ្នាំមុនឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ហ៊ឹល រ៉ាយ៉ា បានពួតដៃគ្នាដាក់លូ១ខ្សែ ពីចំណុចផ្លូវបេនឡានថ្មីចាក់ទៅមាត់ស្ទឹង មុខកាត់១ម៉ែត្រ២តឹកក្រោយគេចាប់ធ្វើសួនគេដាក់លូមុខកាត់តូចទៅវិញ បណ្តាលឲ្យទឹកភ្លៀងហូរមិនទាន់ហើយថ្ងៃនេះភ្លៀងខ្លាំងជាង១ម៉ោងទៀតធ្វើឲ្យទឹកលិចលង់តែម្តង។
ទាក់ទិននឹងបញ្ហានេះដែរ បើតាមការអះអាងរបស់ជំនាញបានឲ្យដឹងថា មូលហេតុទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋនេះ ដោយសារតែស្ទះលូហូរមិនទាន់ បច្ចុប្បន្ននេះកំពុងរកវិធីដោះស្រាយ កុំឲ្យប្រជាពលរដ្ឋប្រឈមនិងការលំបាក ដោយសារទឹកជំនន់ទឹកភ្លៀងនេះបន្តទៀត ៕
មតិយោបល់