ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីកាប់ជនរងគ្រោះ ១កាំបិត បណ្ដាលឲ្យដាច់រយះដេរ ២០ថ្នេរ

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកដែលធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះឈ្មោះ ប៉ាន់ រ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ០១កាំបិតត្រូវចំឆ្អឹងជំនីខាងឆ្វេង បណ្តាលឲ្យដាច់រយះដេរ ២០ថ្នេរ កាលថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០២២ នៅចំណុចច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង រួចរត់គេចខ្លួនបាត់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលសស្រុកវាលវែងឃាត់ខ្លួន ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុក កម្លាំងជំនាញរបស់អធិការដ្ឋាន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយ និងប្រជាការពារភូមិ ធ្វើស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ យន់ រត្ថា ភេទ ប្រុស ២៩ឆ្នាំ នៅចំណុចព្រៃភ្នំបឹងរំលេច ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង កាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ។

បច្ចុប្បន្នជន សង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់