ព័ត៌មានជាតិ

សិស្សសាលា២នាក់ជិះម៉ូតូបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរងរបួស នៅក្រុងស្ទឹងសែន

កំពង់ធំៈ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ចំណុចមុខប្លង់ដីឈ្មោះ ហូ វ៉ានលនី ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យ ស្លាប់ និងរបួសមនុស្ស២នាក់។

ម៉ូតូម៉ាក ហុងដាឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1J-4865 បើកបរពីត្បូងទៅជើង ដោយឈ្មោះ ជុំ ចាន់សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ របួសធ្ងន់មិនពាក់មួកសុវត្ថិភាព មុខរបរសិស្ស អ្នករួមដំណើរឈ្មោះ សែន ចាន់រ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិជាមួយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាពមុខរបរសិស្ស។
រថយន្តម៉ាក FOSU ពណ៌ក្រហម ស្លាកលេខ​ ភ្នំពេញ 3C-0931 សណ្តោងសឺមីរ៉ឺម៉ក ពណ៌សខៀវ ស្លាកលេខគ្មាន បើកបរពីជើងទៅត្បូងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានជ្រុលចង្កូតទៅបុករថយន្ត ដែលកំពុងចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នា។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលស្រយ៉ូវ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ រីឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់