ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ក្រុមចោរ នៅខណ្ឌកំបូល ដាក់ថ្នាំបំពុលឆ្កែឆ្មាងាប់៣ ក្បាល រួចធ្វើសកម្មភាពលួចម៉ូតូ ៣គ្រឿងបានសម្រេច

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពីរគ្រឿង ត្រូវបានគាស់បន្ទប់ក្រោមផ្ទះមួយកន្លែង លួចយកទៅបាត់ស្រមោល ក្រោយមកពួកចោរទាំងនោះ បានដាក់ថ្នាំចោរបំពុលឆ្កែឆ្មា ងាប់អស់ ៣ក្បាល និងកាច់សោ.កយកម៉ូតូ ១គ្រឿងទៀត ចេញពីក្នុងវត្តទៅបាត់ដែរ។

ករណីទី១ ក្រុមជនសង្ស័យ ដាក់ថ្នាំបំពុលឆ្កែ និងឆ្មា ងាប់៣ក្បាល រួចកាត់សោបន្ទប់ យកម៉ូតូ ហើយម្ចាស់ដឹងបាត់ កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល។ ម៉ូតូដែលត្រូវចោរលួចនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ1FM-0768 ម្ចាស់ឈ្មោះ ភី រិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមសេ១២៥ដូចគ្នាស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CF-8562 មានម្ចាស់ឈ្មោះ សល់ សឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវជាជាបងថ្លៃរបស់ម្ចាស់ផ្ទះ និងមានទីលំនៅផ្ទះក្បែរគ្នា។

សម្ភារ:បន្សល់ទុក៖ សាច់ជ្រូក រួមជាមួយសាច់ក្រក និងជើងមាន់លាយថ្នាំពុលរួចជាស្រេច១ថង់ នៅក្បែរពាងទឹក។

ករណីទី២ បានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងវត្តអង្គនិស្ស័យ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នពេញ ដោយក្រុមចោរ បានលួចកាច់សោកម៉ូតូ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ1DO-4369 ទៅបាត់ដោយសុវត្ថិភាព ជារបស់លោកតាម្នាក់ឈ្មោះ ភន ជាអាចារ្យវត្តអង្គនិស្ស័យ គាត់មានទីលំនៅក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌកំបូល ។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ឪឡោក ឲ្យជួយអន្តរាគមន៍ភ្លាមៗ ដើម្បីពិនិត្យជាក់ស្ដែង និងធ្វើការស្រាវជ្រាវរកក្រុមចោរ៕

មតិយោបល់