ព័ត៌មានជាតិ

ម៉ូតូសេ១២៥ ជិះជ្រុលទៅបុកគូទរថយន្តចតលើចិញ្ចើមផ្លូវ ដួលរងរបួសធ្ងន់២នាក់ប្តីប្រពន្ធ

ភ្នំពេញ: ម៉ូតូសេ១២៥មួយគ្រឿងជិះគ្នា២នាក់ប្តី-ប្រពន្ធ ជ្រុលទៅបុកគូថរថយន្តកូរ៉េ ដែលចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់តែម្តង កាលពីវេលាម៉ោង៤និង៣៥ នាទីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយកើតហេតុភ្លាម ឃើញសភាពមិនស្រួល រថយន្តខាងលើ ម្ចាស់បើកគេចចេញទៅបាត់ កុំឲ្យប៉ូលិសមកទាន់ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2076 បើកបរដោយប្តីឈ្មោះ សែម សុធី អាយុ៤៦ឆ្នាំ មានទីលំនៅភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ជិះពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ គេចពីជង្ហុក ជ្រុលទៅបុកគូទរថយន្ត កូរ៉េមួយគ្រឿងចតទុកចោលចិញ្ចើមផ្លូវ បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ ។ ឃើញសភាពមិនស្រួល ម្ចាស់រថយន្តបើកយករថយន្តគេចទៅបាត់ កុំឲ្យប៉ូលិសមកទាន់ ទុកឲ្យជនរងគ្រោះទាំង២នាក់ ដេកចុកននៀល លើផ្លូវជាតិ ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុម:។ រីឯម៉ូតូសមត្ថកិច្ច យកទៅរក្សាទុកជូនជនរងគ្រោះនៅប៉ុស្តិ៍ចោមចៅ២ ៕

មតិយោបល់