ភ្នំពេញៈ ជនសង្ស័យចំនួន ២នាក់បានធ្វើសកម្មភាពកាច់សោកម៉ូតូមួយគ្រឿងបានសម្រេច ខណៈជិះចេញស្រាប់តែប្រជាពលរដ្ឋឃើញទាន់ស្រែកថា ចោរៗ និងរត់ដេញតាម ត្រូវជនសង្ស័យដកកាំភ្លើងខ្លីបាញ់មួយគ្រាប់ ដើម្បីគំរាមហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រQMI ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ដាក លក្ខិណា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។
ម៉ូតូដែល ជនសង្ស័យលួចនោះម៉ាក ហុងដា ឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-3949 ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចេញពីធ្វើការរោងចក្រ ហើយបានទុកម៉ូតូនៅខាងក្រោម និងចាក់សោកត្រឹមត្រូវ រួចឡើងទៅហូបបាយនៅបន្ទប់ជាន់លើ។ បន្ទាប់មកស្រាប់តែមានកូនម្ចាស់ផ្ទះឡើងប្រាប់ថា មានចោរលួចម៉ូតូទៅបាត់ហើយភ្លាមនោះ រូបគាត់ក៏ចុះមកមើល ត្រូវបានប្រជាពលរដ្ឋដេញតាម និងស្រែកថា ចោរៗ តែត្រូវជនសង្ស័យដកកាំភ្លើងពីចង្កេះបាញ់ចំនួន១គ្រាប់ ដើម្បីគំរាមរួចគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះរត់ទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣ ដើម្បីងាយស្រួលធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់