តាកែវៈ សិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ កែឆ្នៃពីស្ករស ប្រេងឆា និងម្សៅ ដែលមានទីតាំងក្នុងឃុំលំពង់ និងឃុំកុមាររាជា ស្ថិតនៅស្រុកបាទី ត្រូវបានក្រុមប្រជាពលរដ្ឋរាយការណ៍មកថា កំពុងវិឌ្ឍន៍ខ្លួនរីកធំជាងមុនទ្វេរដង បើទោះបីជាមន្រ្តីជំនាញធ្លាប់ចុះទៅបិទ និងរឹបអូសសម្ភារៈច្រើនដងក្ដី រួមទាំងមានដីការពីអយ្យការផងនោះ ក៏ទីតាំងសិប្បកម្មទាំងនោះ នៅតែបន្តសកម្មភាពផលិតបានយ៉ាងរលូន។
ក្រុមប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ ភ្នាក់ងារសារព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញថា ចំពោះទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយជាច្រើននៅស្រុកបាទី គឺធ្លាប់ត្រូវបានអាជ្ញាធរ រួមជាមួយមន្រ្តីជំនាញ ចុះទៅបិទ និងរឹបអូសាម្ភារៈយកមករក្សាទុក នឹងខ្លះទៀតមានដីការពីតុលាការផងដែរ ក៏ប៉ុន្តែឆ្ងល់ត្រង់ថា ស្ងាត់បានតែមួយរយៈ ដល់បច្ចុប្បន្ននេះ រីកធំជាងមុនទ្វេរដង។
ក្រុមប្រជាពលរដ្ឋបានបន្តថា បើសិនជាអាជ្ញាធរ និងមន្ត្រីជំនាញ មិនមានការអើពើ ឬយកចិត្តទុកដាក់ ហើយនៅតែបន្តឲ្យធ្វើតទៅទៀតនោះ ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ និងទិញយកទៅបរិភោគផ្ទាល់ ដោយមិនបានដឹងថា ស្ករពិត ឬ ក្លែងក្លាយ នោះ នៅថ្ងៃខាងមុខ ពួកគាត់នឹងជួបបញ្ហាកើតនៅជំងឺផ្សេងៗជាក់ជាមិនខាននោះទ្បើយ ព្រោះការផលិតស្ករត្នោតកែឆ្នៃ គឺមិនមែនដាក់តែស្ករសរមួយមុខប៉ុណ្ណោះទេ មិនដឹងថា ពួកអ្នកដែលធ្វើទាំងនោះ បានដាក់លាយសារធាតុអ្វីខ្លះចូលក្នុងនោះទេ ទើបបានខ្លាយជាស្ករត្នោតបែបនេះ ។
ទីតាំងសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយជាច្រើនកន្លែងនៅស្រុកបាទី បានកើតឡើងវិញ និងមានសន្ទុះខ្លាំងជាងមុន បើទោះខាងអាជ្ញាធរជំនាញបានធ្វើការចុះបង្រ្កាបច្រើនលើកច្រើនសារយ៉ាងណាក្ដី និងថែមមានចំណារពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យលុបបំបាត់រាល់ទីតាំងផលិតស្ករត្នោតកែច្នៃគ្រប់ភេទនៅទូទាំង ២៥រាជធានីខេត្ត ក៏នៅតែគ្មានប្រសិទ្ធភាពចំពោះម្ចាស់សិប្បកម្មទាំងនោះ! ឬអាជ្ញាធរមូលដ្ឋានដឹងហើយធ្វើមិនដឹង? ដែលទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះកើនជិត១០០ទីតាំងហើយ?
សូមរំឮកថា៖ កន្លងមក លោក ប៉ោ លាងគង់ បានឲ្យដឹងថាបន្ទាប់ពីខាងមន្រ្តីជំនាញ បានពិនិត្យឃើញ ការផលិតស្ករត្នោតកែច្នៃ របស់ក្រុមសិប្បកម្មទាំងនោះ មិនត្រឹមត្រូវតាមច្ចេកទេស ធ្វើឲ្យប៉ះពាល់ដល់គុណភាពស្ករត្នោតពិត ១០០% ដែលមានកេរ្ដិ៍ឈ្មោះ បោះសម្លេងលើឆាកអន្តរជាតិថា មានរសជាតិឆ្ញាញ់ ដូច្នេះបានជាក្រសួង សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះទៅបិទទីតាំងផលិតស្ករត្នោតកែច្នៃទាំងនោះ។ ហើយក៏ព្រោះតែចង់ទទួលបាននូវការធានាចំពោះសុវត្ថិភាពទីផ្សារ លើគ្រប់មុខទំនិញដែលកំពុងតែចរាចរណ៍ ពិសេសចូលរួមអនុវត្តទាំងអស់គ្នា លើសុខមាលភាពប្រជាពលរដ្ឋ ព្រមទាំងធានាបានថា ម្ចាស់ទីតាំងផ្សេងទៀត នឹងអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់ជាធរមាន និងមានសុវត្ថិភាព។
លោកប្រធានសាខាកាំកុងត្រូលខេត្តបានបន្តថា ពេលនេះមិនអាចរង់ចាំបន្តទៀតបានទេ ប្រសិនគ្មានវិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់សិប្បកម្មទាំងនោះ លោកនឹងបន្តតាមដានរឿងនេះ និងរាយការណ៍ជូន ឯកឧត្ដមអភិបាលខេត្ត លោកព្រះរាជអាជ្ញារ ដើម្បីសុំគោលការណ៍ចុះទៅបិទទីតាំង និងឃាត់ខ្លួនម្ចាស់រោងចក្រផលិតតែម្ដង។
បញ្ជាក់៖ ជុំវិញករណីនេះ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត មិនអាចទំនាក់ទំនងបានទេនៅព្រឹកនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានព្រមានធ្ងន់ ដល់ អ្នកពាក់ព័ន្ធ នៅពីក្រោយខ្នង នៃការផលិតស្ករត្នោតក្លែងក្លាយ ក៏ដូចជាបទល្មើសផ្សេងៗ ឲ្យដកខ្លួនចេញជាបន្ទាន់ ដើម្បីលោកចាត់វិធានការតាមច្បាប់លើ ទីតាំងផលិតផលក្លែងក្លាយទាំងនោះ បើពុំនោះទេពួកគេ និងប្រឈមចំពោ ការដកហូតតំណែង ឬផន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់