ភ្នំពេញៈ ស្រ្តីម្នាក់ជាថៅកែហាងម៉ាស្សាមួយកន្លែងបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារត្រូវបានបុរសម្នាក់ជាភ្ញៀវ ចូលមកម៉ាស្សាហើយក្រោយមកក៏បង្ខំឲ្យនាងរួមរ័ក្ស តែជនរងគ្រោះមិនព្រម ទើបកើតជាអំពើហិង្សាតែម្តង។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល គ្រាន់តែបន្សល់ទុកម៉ូតូម៉ាកគុប១គ្រឿងនៅនឹងកន្លេងកើតហេតុ។
ហេតុការណ៍ខាងភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានអាយុ៥១ឆ្នាំ មុខរបរបើកហាងម៉ាស្សាកោសជប់យីហោ (៩៩) ។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់នៅម្នាក់ឯងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុង១គ្រឿងគ្មានស្លាកលេខមកឲ្យគាត់ម៉ាស្សាឲ្យ។ បន្ទាប់មកបុរសខាងលើក៏បានបបួលគាត់រួមភេទ តែគាត់មិនព្រម ទើបបុរសខាងលើផ្ទុះកំហឹងវាយមកលើរូបគាត់បណ្តាលឲ្យរបួសធ្ងន់បែបនេះតែម្តង ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យដើម្បីឈានទៅដល់ឃាត់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់