កណ្ដាលៈ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកដំបងឈើជ្រុងវាយគេ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈកំពុងដើរតាមផ្លូវ ត្រង់ចំណុចលើផ្លូវបេតុងព្រែកគង់ត្រើយត្បូង ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ជនសង្ស័យចាប់ខ្លួនបានឈ្មោះ ផន រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្រុកអង្គបុរី ខេត្តតាកែវ ។ ជនរងគ្រោះឈ្មោះ ឡេង ទូច (ហៅប្រេម) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ។
វត្ថុតាងចាប់យក៖ ដំបងឈើជ្រុង១កំណាត់ ប្រវែង៧០សង់ទីម៉ែត្រ ។
ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនរងគ្រោះបានដើរតាមផ្លូវបេតុងព្រែកគង់ត្រើយខាងត្បូង ពីកើតទៅលិច លុះដើរមកដល់ចំណុចខាងលើ ស្រាប់ជនសង្ស័យរូបនោះ បានដើរតាមបណ្ដោយផ្លូវបេតុងដែរ ពីលិចទៅកើត(ច្រាស់គ្នា) ដោយមានកាន់ដំបងឈើជ្រុងមួយកំណាត់នៅនឹងដៃ តែខ្លួនពុំចាប់អារម្មណ៍ ពេលមកដល់ជិតជនសង្ស័យបានវាយជាច្រើនដំបង ពុំដឹងមូលហេតុអ្វីនោះទេ បណ្តាលឲ្យរងបួសជាទម្ងន់បាក់ដៃ និងដងខ្លួន ភ្លាមនោះក៏ផ្អើលឆោឡោយកជនរងគ្រោះទៅព្យាបាលនៅប្រទេសវៀតណាម រីឯជនសង្ស័យត្រូវបានបងប្អូនសាច់ញាតិដេញតាមចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកចិ្ចចាត់ការតាមច្បាប់ ។
សូមបញ្ជាក់ថា៖ ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន៕
មតិយោបល់