កំពង់ចាមៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ពលរដ្ឋបានរាយការណ៍ប្រាប់ Post News ថា មានករណីសៃវៀនជល់មាន់ដុះស្លែមួយកន្លែង ស្ថិតនៅភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកជល់មាន់មានរយៈពេល ៦ខែមកហើយ ពុំឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា ចុះមកអើពើបង្ក្រាបទ្បើយ។
ម៉្យាងវិញទៀតអ្នកលេង តែងតែចល័តតំបន់រហូត ម្ដងទៅនេះម្ដងទៅនោះ ដើម្បីបង្វែរដានកុំឲ្យសមត្ថកិច្ចដឹង ខណៈអ្នកលេងខ្លះ ត្រូវបានគេដឹងថា មានតាំងពីអ្នកភ្នំពេញមកលេងទៀតផង។ សៃវៀនចល័តនេះ ក៏ធ្លាប់មានឮដំណឹង អ្នកទៅលេងនៅទីនោះ បាត់ម៉ូតូថែមទៀត។
ករណីនេះ ពលរដ្ឋ បានសំណូមពរដល់លោក ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម ជួយជំរុញមន្ត្រីជំនាញ ឲ្យចុះបង្ក្រាបសៃវៀនជល់មាន់ខាងលើផង កុំបណ្ដែតបណ្ដោយឲ្យមានតទៅទៀត ព្រោះវាអាចកើតទៅជាបញ្ហា ចោរឆក់ចោរលួចជាដើម។
ប្រភពដដែលលួចបង្ហើបប្រាប់ Post News ថា សង្ស័យមានសមត្ថកិច្ចខ្លះ ទៅយកលុយម្ចាស់ទីតាំងដល់កន្លែងទៀត យ៉ាងណាមិញ សារព័ត៌មានយើងខ្ញុំ មិនមានលេខទូរស័ព្ទ ដើម្បីសម្ភាសពីមន្ត្រីជំនាញថា ដូចពលរដ្ឋរាយការណ៍ ពិតប្រាកដឬមួយយ៉ាងណាទេ? ក្រុមការងារយើង រង់ចាំបំភ្លឺគ្រប់ពេលវេលា ពីមន្ត្រីសមត្ថកិច្ច៕
មតិយោបល់