កណ្តាលៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សាររកាកោង និងតាមផ្ទះលក់ទំនិញ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ បន្លែ ប្រហិតសាច់គោ ត្រីងៀត សាច់ក្រក គុយទាវ និងប្រហិតកញ្ចប់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ប័រកំប៉ុង ចំនួន ៣១កំប៉ុង
– ទឹកក្រូច ចំនួន ១៨ដប
– ភេសជ្ជៈប៉ូវកម្លាំង ចំនួន ៤៨កំប៉ុង
– ប្រហិតកញ្ចប់សាច់មាន់ ចំនួន ៦កញ្ចប់។
បន្ទាប់មក មន្ត្រីកាំកុងត្រូលធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់