ព័ត៌មានជាតិ

ចោរមួយក្រុម ធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច នៅខណ្ឌទួលគោក រួចបើកម៉ូតូរត់ ត្រូវជនរងគ្រោះចាប់បានម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក មានករណីជនជាតិបរទេសប្រុសស្រី២នាក់ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច រួចបើកម៉ូតូរត់រហូតដល់ផ្លូវម៉ៅសេទុងទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក៏ត្រូវបានជនរងគ្រោះធាក់ម៉ូតូឲ្យដួល ចាប់បានម្នាក់។

ជនរងគ្រោះទាំងពីរនាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជាជនជាតិតៃវ៉ាន់ ជិះម៉ូតូហ្សូមើអ៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GA-5053។ ចំណែកជនសង្ស័យ ត្រូវចាប់បានប្រគល់ឲ្យសមត្ថកិច្ចម្នាក់ ក្រោយពីធ្វើសកម្មភាពឆក់ មធ្យោបាយម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅពាក់ ស្លាកលេខ ភ្នំពេញ 1HH-5376។

សម្ភារ:បាត់៖ កាបូបលុយមួយ តែមិនដឹងថា មានលុយនៅក្នុងកាបូបប៉ុន្មានឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញជនបរទេសខាងលើ ជិះម៉ូតូហ្សូមើអ៊ិចឌុបគ្នា តាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង មកដល់ចំណុចស្តុបកែងនឹងផ្លូវ ២១៤ ហៅផ្លូវភ្លោះអូឬស្សី ក៏ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ ជិះមកពីក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយបើករត់យ៉ាងលឿន ខណ:នោះជនរងគ្រោះក៏ជិះដេញតាម ហើយក៏ឃើញជនសង្ស័យម្នាក់ ដែលឆក់កាបូបគាត់ហ្នឹង បានហុចកាបូបទៅឲ្យបក្ខពួក យកទៅបាត់ស្រមោល។

ចំណែកឯជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ បានបើករត់ត្រូវបានជនរងគ្រោះ ដេញប្រផាប់ប្រភីងរហូតដល់ផ្លូវម៉ៅសេទុងមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ជនរងគ្រោះ ក៏ធាក់ឲ្យដួលហើយក៏ ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក។

ដោយសួរនាំជនរងគ្រោះ កន្លែងកើតហេតុជាទឹកដីខណ្ឌ៧មករា ទើបសមត្ថកិច្ចក៏នាំជនសង្ស័យ និងជនរងគ្រោះ មកបង្ហាញកន្លែងកើតហេតុ ហើយក៏ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងព្រលិត ដើម្បីយកទៅសួរនាំ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំឯកសារបញ្ជូនបន្ តទៅអធិការខណ្ឌ ៧មករា ចាត់ការតាមនីតិវិធីនៃច្បាប់៕

មតិយោបល់