ព័ត៌មានជាតិ

សង្វៀនជល់មាន់ បើកយូរហើយ លោកមេប៉ុស្តិ៍សង្កាត់ព្រែកកំពឹស ទើបចុះបង្រ្កាប ពលរដ្ឋរិះគន់ថា ធ្វើឲ្យតែល្អមើល កុំឲ្យថ្នាក់លើស្ដីបន្ទោស

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពឹស បានសហជាមួយកម្លាំងសង្កាត់ព្រែកកំពឹស ចុះទៅបង្ក្រាបសង្វៀន បញ្ជល់មាន់អមដោយវង់អាប៉ោង ក្នុងភូមិសាស្ត្រស្រុកធំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រតិបត្តិការនេះ ត្រូវបានគេសង្កេតឃើញថា គ្រាន់តែធ្វើបង្គ្រប់ឲ្យថ្នាក់លើ មើលតែប៉ុណ្ណោះ ពោលគឺបានត្រឹមតែដុតសម្ភារៈគ្មានវិញ្ញាណ រីឯអ្នកលេង មិនឃើញត្រូវបានចាប់ខ្លួននោះទេ។

ពលរដ្ឋកំពុងមានចម្ងល់ថា ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃវាហ៊ាន ពោលគឺមុនពេលចុះបង្រ្កាបនេះ ក្រុមអ្នកលេងល្បែងស៊ីសងទាំងនោះ ហាក់បីដូចដឹងក្លិនមុនចឹង ដោយមានគេផ្តល់ដំណឹង ទៅម្ចាស់សង្វៀនជាមុន ឲ្យអ្នកលេងជិះម៉ូតូគេចខ្លួន រួចទើបគេទៅតាមក្រោយ ដោយបន្សល់ទុកតែ ដែកបង្គោល និងស្នោរ ទុកឲ្យសមត្ថកិច្ចដុតបំផ្លាយចោល ដើម្បីធ្វើឲ្យតែល្អមើលប៉ុណ្ណោះ។

ពលរដ្ឋក្នុងមូលដ្ឋាន បានលើកមតិទ្បើងថា គេលេងយូរហើយ ម៉េចបានលោកមេប៉ុស្តិ៍ទើបតែដឹង។ ករណីនេះពួកគាត់ សំណូមពរទៅអាជ្ញាធរដែនដី កុំឲ្យមានសង្វៀនជល់មាន់បើកសារជាថ្មីម្ដងទៀត បើសិនជាមាន អាចកើតទៅជាបញ្ហាចោរឆក់ចោរលួច ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ៕

មតិយោបល់