ភ្នំពេញៈ គ្មានអ្វីដែលកើតទុក្ខធំជាងជីដូនបង្កើតស្លាប់ហើយខ្លួនមិនមានលទ្ធភាពធ្វើបុណ្យឲ្យបានសមរម្យនោះទេ ខណៈដែលក្រុមគ្រួសាររបស់លោកផ្សេងទៀត ក៏សុទ្ធតែខ្សត់ខ្សោយនោះ។ នេះជាជីវិតពិតដែលបានកើតឡើងចំពោះតារាសម្ដែងលោកគុន រៀមរតនៈ ហៅ សាន់ វីហ្សា ដែលពោរពេញដោយភាពកំប្លុកកំប្លែងនិងក្រម៉ិចក្រម៉ើមនៅក្នុងភាពយន្ត និងឈុតបទចម្រៀង។
លោកគុន រៀមរតនៈ បានអះអាងថាគឺជារឿងសង្វេគណាស់ដែលខ្លួនចូលប្រឡូកសិល្បៈអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែលទ្ធភាពដែលលោកអាចធ្វើបុណ្យឲ្យលោកយាយបង្កើតនៅក្នុងដំណាក់កាលចុងក្រោយក៏មិនអាចទៅរួច។ ក្រឡេកមើលពិធីបុណ្យរបស់លោកយាយលោកគឺមិនខុសពីគ្រួសារទុរគ៌តកម្សត់ម្នាក់ ដែលខ្វះទីពឹងនោះទេ ដោយការធ្វើបុណ្យក៏មានលក្ខណៈជាការបង្រ្គប់កិច្ច ជាជាងប្រារព្ធតាមបែបបទនៃពិធីសាសនា ដោយសារតែភាពខ្វះខាត។ លោកថាលោកយាយរបស់ខ្លួន មានឈ្មោះថា សំ វិន អាយុ ៨៦ ដោយមានជំងឺប្រចាំកាយយូរឆ្នាំមកហើយ មុនពេលដែលលោកយាយបានលាចាកលោកទៅ ក្នុងសភាពក្រកម្សត់ដោយសូម្បីតែកូនចៅ និងរូបលោកផ្ទាល់មិនមានលទ្ធភាពចាត់ចែងធ្វើបុណ្យឲ្យបានសមរម្យនោះ។ មុនទទួលមរណភាព លោកយាយដាច់បាយ ដាច់ទឹកហ្នឹងប្រមាណជាង១អាទិត្យទៅហើយ ហើយដោយសារតែម្ដាយរបស់លោក និងកូនម្នាក់ទៀតសុទ្ធតែមានជីវភាពទ្រង់ទ្រង់នឹងការជ្រោមជ្រែងឲ្យលោកយាយទៅសម្រាកព្យាបាលនៅពេទ្យមិនបាន ទើបបណ្ដាលឲ្យជំងឺរបស់លោកយាយកាន់តែមានសភាពធ្ងន់ធ្ងរ។
លោកយាយបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៤ កក្កដា ហើយត្រូវបានបូជាភ្លាមកាលពីថ្ងៃទី២៥ កក្កដាដោយសារតែកូនចៅមិនមានលទ្ធភាពធ្វើបុណ្យយូរថ្ងៃ។ លោកថានេះជាយាយខាងម្ដាយ និងជាយាយចុងក្រោយដែលលោកបានស្គាល់ តែអ្វីដែលលោកសង្វេគចិត្តគឺមិនមែនការបាត់បង់លោកយាយព្រោះតែឃាត់ធម្មជាតិមិនបាននោះទេ ប៉ុន្តែអ្វីដែលលោកទប់ទឹកភ្នែកមិនបានគឺខ្លួនមិនមានលទ្ធភាពអាចធ្វើបុណ្យរបស់លោកយាយឲ្យបានសមរម្យ។ លោកថាខ្លួនចូលប្រឡូកសិល្បៈ និងបានបម្រើការនៅក្នុងក្លិបមួយរាល់ថ្ងៃ គឺគ្រាន់តែទប់នឹងការផ្គត់ផ្គត់ខ្លួនឯង និងក្រុមគ្រួសារដែលមានជីវភាពខ្វះខាតប៉ុណ្ណោះ។
ពិធីបុណ្យសពរបស់លោកយាយលោកគុន រៀមរតនៈ ត្រូវបានប្រារព្ធឡើងក្នុងសភាពស្ងប់ស្ងាត់ និងគួរឲ្យសង្វេគនៅភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ប៉ុន្តែពិធីបុណ្យនេះ ក៏មានការរំលែកជាថវិកាពីសំណាក់តារាសិល្បៈ និងសប្បុរសជនគួរសម បន្ទាប់ពីមានការប្រកាសថាតារាសម្ដែងដែលលេចធ្លោរជាតួអង្គភេទទី៣រូបនេះ កំសត់ដល់ថ្នាក់លោកយាយទទួលមរណភាព ហើយគ្មានលុយធ្វើបុណ្យឲ្យសមរម្យ៕
មតិយោបល់