ព័ត៌មានជាតិ

លោកអភិបាលខេត្តកែប ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ អាជីវកររូបណា លក់អីវ៉ាន់ឲ្យភ្លៀវ ថ្លឹងមិនគ្រប់គីឡូ អាចប្រឈមនឹងការបិទកន្លែងអាជីវកម្ម…

កែបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ព្រឹកថ្ងៃចន្ទ​ ទី១៧​ ខែសីហា​ ឆ្នាំ​២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដឹកនាំមន្រ្តីជំនាញ​ និងយុវជនចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សារក្តាម​ ដើម្បីទទួលបានតម្លាភាពទាំងអ្នកទិញ​ អ្នកលក់​។

ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយមន្រ្តីជំនាញនាថ្ងៃនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមផ្ទាល់តែងតែលឺពាក្យថា អាជីវករនៅផ្សារក្តាមខេត្តកែប លក់ដូរកោរភ្ញៀវមិនដាក់ទឹក ហើយថ្លឹងគីឡូអោយភ្ញៀវមិនគ្រប់គីឡូទៀត។ ពេលនេះ រដ្ឋបាលខេត្ត បានចាត់មន្រ្តីជំនាញមកដាក់បន្ថែមទៀតនូវទីតាំងជញ្ជីងយុត្តធម៍ស្ទើតែគ្រប់ទីកន្លែងនៅក្នុងផ្សាក្តាម ហេតុនេះបងប្អូនភ្ញៀវទេសចរលែងមានក្តីបារម្ភទៀតហើយ។

ករណីពេលដែលទិញពីអាជីវករនៅផ្សារក្តាមហើយបងប្អូនមានការសង្ស័យថា ទំនិញមិនគ្រប់គីឡូ បងប្អូនអាចយកមកដាក់ថ្លឹងនៅជញ្ជីងយុត្តិទាំងនេះបាន ដោយឥតគិតថ្លៃ ដែលមានចំនួន​០៤ទីតាំង​ នៅផ្សារក្តាម​នេះ ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ករណីដែលមន្ត្រីជំនាញរកឃើញថា មានអាជីវកររូបណា លក់ឥវ៉ាន់អោយភ្ញៀវ បានក្លែងបន្លំមិនគ្រប់គីឡូ អាជីវកររូបនោះនឹងទទួលនូវការប្រមាណពីរដ្ឋបាលខេត្ត ឬបិទកន្លែងអាជីវកម្ម និងអាចទទួលខុសត្រូវជាមួយច្បាប់ទៀតផង។

បន្ទាប់ពីបានត្រួតពិនិត្យទីតាំងដាក់ជញ្ជីងយុត្តិធម៌រួចមក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយពីវិធានការណ៍​ការពារ​ជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស់ និងខិតបណ្ណផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ​ និងភ្ញៀវទេសចរជាតិ​ អន្តរជាតិដែលមកកំសាន្តនៅខេត្តកែបផងដែរ ៕

មតិយោបល់