ព័ត៌មានជាតិ

ឃើញមិនស្រួល! ម្នាក់ឈររេរាដៃកាន់ឧបករណ៍ ឯម្នាក់ទៀតអង្គុយយោលម៉ូតូ ឃាត់ព្រឹប

ភ្នំពេញ: នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០១និង៣០ នាទី រំលងអធ្រាត្រ នៅចំណុចផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងល្បាតសហប៉ុស្តិ៍ កម្លាំងប្រជាការពារសង្កាត់ ដឹកនាំដោយលោកអនុ.ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ឃាត់បានជនសង្ស័យចំនួន ប៉ុនប៉ងលួចចំនួន ០២នាក់។

ជនសង្ស័យទី១ ឈ្មោះ ឃួន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) និងទី២ឈ្មោះ ឡាវ វ៉ាន់ឌី ភេទប្រុស ហៅហាប់ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ប្រើប្រាស់គ្រឿងញៀន)។

សម្ភារ: ដកហួតមាន៖
-ដែកលួសកែច្នៃ (ឧបករណ៍ សម្រាប់ឆ្កឹះសោ)ចំនួន ២
-សោលេខ ១២ ចំនួន ១
-ដែកស្រួចមុខពីរ ដងឈើចំនួន ១
-ទូរសព្ទដៃ ២គ្រឿង ម៉ាក Camfone ពណ៌ខ្មៅមួយគ្រឿង និងម៉ាក Sintel ពណ៌ទឹកសមុទ្រមួយគ្រឿង
-ម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពណ៌ខៀវស្រាល ពាក់ស្លាកលេខ ភ្នំពេញ1GP-6384។

ដំណើររឿង៖ កម្លាំងល្បាតសហប៉ុស្តិ៍ បានឃើញជនសង្ស័យ ២នាក់ ឈប់ម៉ូតូនៅមុខផ្ទះរបស់ប្រជាពលរដ្ឋ ដោយជនសង្ស័យឈ្មោះ ឡាវ វ៉ាន់ឌី អង្គុយលើម៉ូតូ ចំណែកឯជនសង្ស័យឈ្មោះ ឃួន ពន្លក ឈររេរា កាន់ឧបករណ៍ឆ្កឹះសោ នៅមុខផ្ទះប្រជាពលរដ្ឋ ឃើញដូចនោះសមត្ថកិច្ច បានឃាត់យកមកសាកសួរ ជនសង្ស័យទាំង ២ បានសារភាពថា ពួកគេពិតជាមានបំណងចេញធ្វើសកម្មភាពឆ្កឹះសោផ្ទះពលរដ្ឋ ដើម្បីលួចទ្រព្យសម្បត្តិប្រាកដមែន។

ក្រោយផ្នែកជំនាញខណ្ឌប៉ុស្តិ៍សាកសួរ និងកសាងសំណុំរឿងរួច ក៏បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់