ព័ត៌មានជាតិ

ព្រឹកមិញ ប្រកាសតែងតាំងមុខតំណែងអធិការក្រុងតាខ្មៅថ្មី ពលរដ្ឋសំណូមពរឲ្យលោក ជួយបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានឲ្យបានផង

កណ្តាលៈ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អធិការនគរបាលក្រុងតាខ្មៅ ក្រោមវត្តមានលោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ។

ពិធីនេះដែរ ក៏មានវត្តមានចូលរួមពីលោក-លោកស្រីស្នងការរង ,លោកនាយការិយាល័យ ,លោកអធិការនគរបាលទាំង១០ស្រុក ,លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ,លោកចៅសង្កាត់ និងលោកនាយប៉ុស្តិ៍ចំណុះក្រុងតាខ្មៅ និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅជាច្រើនរូបទៀត ។

បន្ទាប់ពីលោកវរសេនីយ៍ត្រី ភឿង វ៉ាត អធិការរងក្រុងតាខ្មៅឡើងអានរបាយការណ៍ស្វាគមន៍រួចមក លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង លោកវរសេនីយ៍ទោ យី វណ្ណដា អត្តលេខ៦៥៦៥៧ ពីនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
ដោយលោកវរសេនីយ៍ឯក ស កែវពិសិដ្ឋ អធិការចាស់ផ្ទេរទៅកាន់មុខតំណែងថ្មី ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃវិញ ។

ក្រោយពីទទួលត្រាពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តរួចមក លោកវរសេនីយ៍ទោ យី វណ្ណដា ដែលទើបនឹងចូលកាន់មុខតំណែងថ្មី បានឡើងចាប់អារម្មណ៍ និងសន្យា ចំពោះមុខគណៈអធិបតី ។ ជាមួយគ្នានោះដែរ លោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ក៏បានឡើងមានមតិសំណេះសំណាល នឹងធ្វើការផ្តាំផ្ញើដល់លោកអធិការដែលទើបនឹងចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានក្រុងតាខ្មៅ អោយកាន់តែល្អប្រសើរឡើងថែមទៀត ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត បានចែករំលែកបទពិសោធន៍ និងគំនិតគួរពិចារណាមួយចំនួន ជូនលោកអធិការថ្មី ដែលទើបនឹងចូលកាន់មុខតំណែង ដើម្បីយកទៅអនុវត្តដឹកនាំនៅក្នុងអង្គភាពឲ្យបានល្អប្រសើ ។ មួយផ្នែកទៀតលោកស្នងការ ក៏បានផ្តាំផ្ញើដល់លោកអធិការនគរបាលក្រុងតាខ្មៅ ត្រូវខិតខំដឹកនាំកងកម្លាំង ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ ។ សូមចាំថា នគរបាលជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ៕

មតិយោបល់