ព័ត៌មានជាតិ

លួចម៉ូតូកង់បីបានសម្រេចហើយ តែស៊យអស់សាំង ចៃដន្យជួបប៉ូលិសទៀតឃាត់ខ្លួនបាន ៣នាក់ តែម្តង

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែកកំពុងល្បាតនៅចំណុចផ្លូវ ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ បន្ទាប់ពីបណ្តើរម៉ូតូកង់បីអស់សាំង ពេលឃាត់ខ្លួនរួចយកទៅសាកសួរ ក៏បែកធ្លាយលួចរ៉ឺម៉កម៉ូតូកង់បីចេញពីភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបរហូតដល់ព្រឹកឡើងក៏ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ មកយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១ វិញ។

ជនសង្ស័យទាំង ៣នាក់
១/ឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
២/ឈ្មោះ ហេង តុលា ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
៣/ឈ្មោះ លី មករា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ និងរត់ម៉ូតូកង់បី ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯម៉ូតូកង់បីដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាក ហុងដាវ៉េវ ពាក់ស្លាកលេខ 1J-4639 សណ្តោងរ៉ឺម៉ក ត្រូវបានដកហូតយកមកវិញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ៣និង១០នាទីទៀបភ្លឺថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ កម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើស ស្រាប់តែប្រទះជួបជនសង្ស័យ ៣នាក់ កំពុងនាំគ្នាចុះរុញ អូស ម៉ូតូកង់បី នៅតាមផ្លូវ ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស សង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ទើបបែកធ្លាយ លួចម៉ូតូកង់បីចេញពីក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ហើយខណ:ដែលកំពុងសាកសួរ មិនទាន់ចប់ផង ស្រាប់តែលេចមុខជនរងគ្រោះ ម្ចាស់រ៉ឺម៉ក ដើរសាកសួរ ប្តឹងប៉ូលិស ដល់ប៉ុស្តិ៍ព្រៃសតែម្តង ដឹងរឿង ទើបនគរបាលប៉ុស្តិ៍ព្រៃស ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យកម្លាំងទៅទទួលយកជនសង្ស័យ និងវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ១ វិញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១ ម៉ូតូកង់បី ជិតអស់សាំងទៅហើយ ចតទុកដាក់មុខបន្ទប់ជួល ដូចសព្វដង រួចចូលដេកសម្រាកបាត់ទៅ លុះរហូតដល់វេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី០៣ ខែមីនា នេះ បាត់កង់បី ក៏ចេញដើរស្វែងរក ទៅដល់ប៉ុស្តិ៍ព្រៃស សង្កាត់ព្រៃស ប្រទះឃើញម៉ូតូកង់បីរបស់ខ្លួន ទើបដឹងថា នគរបាលចាប់ឃាត់បាន រួមទាំងជនសង្ស័យ ៣នាក់ ។

ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ចាប់ខ្លួនបានហើយ រួចប្រគល់ទៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាំខ្លួនសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

មតិយោបល់