ព័ត៌មានជាតិ

រន្ធត់ណាស់! ក្មេងប្រុសអាយុ៣ឆ្នាំ បានស្លាប់ភ្លាមៗ ខណៈពេលធ្លាក់ពីលើគោយន្តកន្ត្រៃចំកង់ជាន់ចំក្បាល

បន្ទាយមានជ័យ: នៅវេលាម៉ោង ៥និង២៩នាទីល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្មេងប្រុសម្នាក់អាយុទើប ៣ឆ្នាំ ជិះគោយន្តកន្ត្រៃដឹកស្រូវយកទៅលក់ជាមួយឪពុកម្តាយ បានធ្លាក់ពីលើគោយន្ត ត្រូវកង់គោយន្តជាន់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ត្រង់ចំណុចគល់ស្ពានភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

កុមារារងគ្រោះឈ្មោះ ជាម ផានិត អាយុ ៣ឆ្នាំ មានឪពុកឈ្មោះ លិយ ឡា អាយុ ៣០ឆ្នាំ និងម្តាយឈ្មោះ ភួយ សុភាន អាយុ ៣០ឆ្នាំ គ្រួសារនេះ មានទីលំនៅ ភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្មេងរងគ្រោះគឺជាកូនទី២។

ដំណើររឿង៖ នៅមុនពេលកើតហេតុ ឪពុកម្តាយកុមារារងគ្រោះ បាននាំគ្នាដឹកស្រូវតាមគោយន្តយកទៅលក់ ដោយក្មេងរងគ្រោះបានជិះនៅលើការុងស្រូវក្នុងទ្រុងរ៉ឺម៉កគោយន្តនៅខាងក្រោយ ពេលនោះគោយន្តបានបើកធ្លាក់គ្រឡុក ក្មេងប្រុសនោះរបូតដៃធ្លាក់ពីលើគោយន្តក៏ត្រូវកង់គោយន្តជាន់ចំក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សពត្រូវបានឪពុកម្តាយចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យបំផុត៕

មតិយោបល់