ភ្នំពេញៈ នៅវេលាម៉ោង ៩កន្លះព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣៤ ក្បែរផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿង បុកមនុស្សស្លាប់។
ជនរងគ្រោះឈ្មោះ សុខ ហឿន អាយុ៥៤ឆ្នាំ មុខរបរ ប្រធានប្រជាការពារសង្កាត់ផ្សារដើមគរ (ស្លាប់។
ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញមន្ត្រីនៃគណៈបញ្ជាការឯកភាពសង្កាត់ផ្សារដើមគរ សហការជាមួយគណៈកម្មាការផ្សារនាគមាស ចុះរៀបសណ្ដាប់ធ្នាប់នៅជុំវិញផ្សារ ដោយជនរងគ្រោះ បានបើករថយន្តកូរ៉េមួយតោនកន្លះ របស់សង្កាត់មកឈប់នៅកន្លែងកើតហេតុ។
ខណៈនោះជនរងគ្រោះ ចុះពីលើរថយន្តចូលទៅបត់ជើងរួច ក៏ដើរមកមុខរថយន្ត ស្រាប់តែមានបុរសម្នាក់ ជាសន្តិសុខផ្សារនាគមាសម្នាក់ទៀត បានឡើងទៅបើករថយន្តខាងលើ ក៏ជ្រុលទៅបុកជនរងគ្រោះផ្ទប់ជាមួយរថយន្តមួយគ្រឿងទៀត ដែលចតនៅខាងមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់។
ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះតាមរថយន្តសាម៉ុយ តែជាអកុសលបានស្លាប់ពេលដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ធ្វើការចុះវាស់វែង ដោយនាំខ្លួនអ្នកបើករថយន្តបង្ក និងរថយន្ត ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់