ឧត្តរមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពបុរសម្នាក់ ដែលគេស្គាល់ជាមនុស្សវិកលចរិត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងចម្ការបុស្ស ក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំជំនាញព្រហ្មទណ្ឌ និងបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុកត្រពាំប្រាសាទ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុក ជា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិគ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពុងធំ (មកជួលដីក្រុមហ៊ុនដាំដំឡូងមី បានស្លាប់ក្នុងចម្ការបុស្សជាច្រើនថ្ងៃមកហើយបណ្តាលឲ្យសាកសពរលួយសាច់អស់សល់តែលលាដ៍ក្បាល ចំណែកឆ្អឹងអវៈយវៈផ្សេងៗត្រូវបានសត្វព្រៃពាំស៊ីទៅកន្លែងផ្សេងៗពីគ្នា។
យោងតាមការបំភ្លឺរបស់ឈ្មោះ ឃាន គីម ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា ឈ្មោះ អ៊ុក ជា មានជម្ងឺសរសៃប្រសាទតាំងពីឆ្នាំ២០១៦មក ដោយធ្លាប់ធ្វើទុក និងរត់ចេញពីផ្ទះ២-៣ដងរួចមកហើយ កាលពីនៅឯស្រុកស្ទោងតែត្រូវបានរកឃើញនាំមកផ្ទះវិញ (ធ្វើទុកខ្លាំងនៅពេលផឹកស្រា) លុះឆ្នាំ២០១៧ ជនរងគ្រោះត្រូវបានព្យាបាលជាសះស្បើយវិញ ដោយពេទ្យហាមមិនឲ្យផឹកស្រា។ មកដល់ឆ្នាំ២០១៨ជនរងគ្រោះ និងប្រពន្ធបាននាំគ្នាទៅធ្វើការនៅប្រទេសថៃក្នុងរយៈពេលនោះជនរងគ្រោះ បានធ្លាក់ខ្លួនញៀនស្រាឡើងវិញ ធ្វើឲ្យជំងឺសរសៃប្រសាទរើឡើងបន្តិចម្តងៗ ដល់ដើមខែ៩ ឆ្នាំ២០១៩ ។ ជនរងគ្រោះត្រឡប់ពីប្រទេសថៃវិញ ដើម្បីមើលថែចម្ការដំឡូងមីនៅ ក្នុងដីក្រុមហ៊ុនសុខសំណាង។
តាមការសន្និដ្ឋានបឋម ជនរងគ្រោះស្លាប់ដោយសាជំងឺសរសៃប្រសាទធ្វើទុក្ខ បូករួមនឹងអត់អាហារផង ។ ក្រោយធ្វើការពិនិត្យ សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់