ព័ត៌មានជាតិ

តុលាការផ្តន្ទាទោសស្ត្រីជនជាតិ ម៉ូដាវី ម្នាក់ ដាក់គុក៨ឆ្នាំ រឿងនាំស្ត្រីមកលក់នៅកម្ពុជា

ភ្នំពេញៈ ក្រោយពីបានលើកពេលប្រកាសសាលក្រមម្តងកាលពី ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅនោះ លោក ស្វាយ តុញ ប្រធានក្រុមប្រឹក្សាចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ បានបើកសវនាការប្រកាសសាលក្រម សម្រេចផ្តន្ទោទោស ជនជាប់ចោទឈ្មោះ BEJENARI LIUDMILA ហៅ LIDA ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ម៉ូដាវី ដាក់ពន្ធនាគារកំណត់រយៈពេល ៨ឆ្នាំ និងតម្រូវឱ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន ៣០លានរៀល ពីបទ នាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ប្រព្រឹត្តកាលពីអំឡុងខែសីហា ឆ្នាំ២០១៤ នៅប្រទេស ម៉ូដាវី និងចំណុចហាងឈ្មោះ កាដូ ផ្ទះលេខ១១០E0 ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ យោងតាមមាត្រា ១០ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សាលក្រមនេះក៏បានបើកសិទ្ធិឱ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ដែលមានរយៈពេល ១ខែគិតចាប់ពីថ្ងៃប្រកាស ផងដែរ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ជនជាប់ចោទបានឆ្លើយថា ខ្លួនបានមករស់នៅប្រទេសកម្ពុជា អំឡុងខែសីហា ឆ្នាំ២០១២ ដើម្បីធ្វើការនៅក្នុងហាងលក់ស្រាមួយ ដោយមានតួនាទីជា អ្នកគ្រប់គ្រងហាង។ ជនជាប់ចោទ អះអាងថា ក្រោយមកជនរងគ្រោះ ឈ្មោះ គ្រីស្ទីណា ហៅ ស៊ូ បានសុំនាងមកធ្វើការជាមួយនៅកម្ពុជាដែរ ដោយមានកិច្ចសន្យាការងារត្រឹមត្រូវ។ ជនជាប់ចោទថា ឈ្មោះ ស៊ូ បានរត់ការធ្វើលិខិតឆ្លងដែន និងទិញសំបុត្រយន្តហោះ មកកម្ពុជា ដោយខ្លួនជាអ្នកចេញលុយទាំងស្រុង។ នៅពេល ឈ្មោះ ស៊ូ មកធ្វើការជាមួយខ្លួន ឈ្មោះ ស៊ូ ត្រូវធ្វើការសាកល្បង៣ខែ ដោយគ្មានប្រាក់ខែ ហូបចុក ស្នាក់នៅក្នុងហាងដោយឥតគិតថ្លៃ បន្ទាប់មកឈ្មោះ ស៊ូ ត្រូវធ្វើការ ៩ខែបន្ថែមទៀត ដោយទទួលបានប្រាក់ខែ ២៥០ដុល្លារក្នុងមួយខែ ដើម្បីសងខ្លួនថ្លៃធ្វើដំណើរ និងចំណាយមកកម្ពុជា។ ប៉ុន្តែដោយសារតែ ឈ្មោះ ស៊ូ ធ្វើការមិនទាន់គ្រប់ខែតាមកិច្ចសន្យាផង បែរជាមកប្តឹងខ្លួនដាក់គុកទៅវិញ។

ជនជាប់ចោទ បញ្ជាក់ថាខ្លួនមិនបានអូសទាញឱ្យជនរងគ្រោះមកធ្វើការនៅកម្ពុជា ឬបង្ខំឱ្យឈ្មោះ ស៊ូ ទៅដេកជាមួយភ្ញៀវនោះទេ។

យោងតាមអំណានចម្លើយជនរងគ្រោះ ឈ្មោះ ស៊ូ បានឱ្យដឹងថា ខ្លួនបានមកធ្វើការនៅកម្ពុជាជាមួយ ជនជាប់ចោទ នៅហាង លក់ស្រាអ៊ីតាលី និងភីហ្សា ឈ្មោះ កាដូ មានថៅកែជាជនជាតិ ស្បែកខ្មៅ ឈ្មោះ EMEKWOO JEFFERY នៅអំឡុងចុងឆ្នាំ២០១៤។ ជនរងគ្រោះទទួលស្គាល់ថា ជនជាប់ចោទពិតជាបានចេញលុយទាំងអស់ សម្រាប់ការចំណាយដើម្បីមកកម្ពុជា។ នៅពេលមកដល់កម្ពុជា ជនជាប់ចោទបាន ដកយក លិខិតឆ្លងដែនរបស់ខ្លួនទុក និងបានបង្ខំឱ្យនាងដេកជាមួយភ្ញៀវដើម្បីយកលុយឱ្យគេ។ ក្រៅពីដេកជាមួយភ្ញៀវ នាងត្រូវបានថៅកែហាង ឈ្មោះ Jake Fried បង្ខំឱ្យដេកជាមួយ និងថតវីដេអូ ទុកគំរាមនាងថែមទៀតផង។ ជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន ២ម៉ឺនដុល្លារ៕

https://youtu.be/13uPCOm7PrE

មតិយោបល់