ព័ត៌មានជាតិ

ធី សុវណ្ណថា នៅតែរក្សាជំហប្តឹងអ្នកលេងហ្វេសប៊ុកពីរនាក់

ភ្នំពេញៈ ក្រោយពេលចូលខ្លួនបំភ្លឺនៅមុខតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជន និងកិច្ចការសង្គម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា នាងនៅតែរក្សាគោលជំហប្តឹងអ្នកលេងហ្វេសប៊ុក២នាក់ ពីបទបរិហាកេរ្តិ៍ និងជេរប្រមាថតាមបណ្ដាញទំនាក់ទំនងមួយនេះ ដោយទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗ១០ម៉ឺនដុល្លារអាមេរិក។

ធី សុវណ្ណថា និយាយទៅកាន់អ្នកសារព័ត៌មានថា នៅព្រឹកនេះ តំណាងអយ្យការបានសាកសួរនាងជាដើមបណ្តឹង អំពីគោលជំហប្តឹងអ្នកលេងហ្វេសប៊ុក២នាក់ មានឈ្មោះ ម៉ោញ សារ៉ាត់ និងឈ្មោះ អួន វ៉ាន់សាក់ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបន្តទៀត ឬក៏បញ្ឈប់។ នាងបន្តថា នាងប្តឹងជនទាំងពីរនាក់ ដោយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីឲ្យតុលាការយកជនទាំងពីរ មកផ្តន្ទាទោសតាមច្បាប់។ នាងបញ្ជាក់ថា នាងនៅតែរក្សាការប្តឹងជនទាំងពីរនាក់នេះ តទៅទៀត ដោយទាមទារជំងឺចិត្ត ក្នុងម្នាក់ៗចំនួន១០ម៉ឺនដុល្លារ។ កញ្ញា ធី សុវណ្ណថា បានអះអាងថា នាងនឹងចូលខ្លួនបំភ្លឺរាល់ពេលដែលតុលាការកោះហៅ។

គួរបញ្ជាក់ថា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញកញ្ញា ធី សុវណ្ណថា ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងនាមជាដើមបណ្តឹងប្រឆាំងឈ្មោះ ម៉ោញ សារ៉ាត់ ភេទប្រុស ពីបទបរិហារកេរ្តិ៍តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ក្នុងថ្ងៃតែមួយនេះផងដែរ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានកោះអញ្ជើញកញ្ញា ធី សុវណ្ណថា ឲ្យចូលបំភ្លឺក្នុងនាមជាដើមបណ្តឹងប្តឹងឈ្មោះ អួន វ៉ាន់សាក់ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផងដែរ៕

https://youtu.be/pJw4D_4l26U

https://youtu.be/OvZzfI8P3L4

https://youtu.be/9JhjROT00OY

មតិយោបល់