ក្រុមហ៊ុនហ្វេសប៊ុកបានបិទខ្ទប់មិនឲ្យក្រុមតាលីបង់ប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន រហូតមក ក្នុងហេតុផលក្រុមនេះ ស្ថិតក្នុងបញ្ជីឈ្មោះ ភេរវជនរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក។ បន្ទាប់ពីបានបិទចោលគណនីរបស់អ្នកនាំពាក្យតាលីបង់ និងគណនីរបស់ក្រុមតាលីបង់ នៅក្នុងបណ្តាញWhatsapp កាលពីថ្ងៃអង្គារ ក្រុមហ៊ុនហ្វេសប៊ុក បានអះអាងថា ទៅតាមសំណូមពររបស់អ្នកកាសែត អង្គការការពារសិទ្ធិមនុស្ស ក្រុមហ៊ុនបានចាត់វិធានការបន្ទាន់ ដើម្បី ជួយការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក នៅអាហ្វហ្កានីស្ថាន។
ជារួម ហ្វេសប៊ុកបានបង្កើត គន្លឹះពិសេសមួយ ដែលអ្នកប្រើប្រាស់អាចចុចប្រើ ដើម្បី បិទបាំងគណនីរបស់គេ ដោយលឿនបំផុត។ ដោយចុចចាក់សោរបិទ គណនីរបស់ខ្លួន អ្នកប្រើប្រាស់ ហ្វេសប៊ុកនៅអាហ្វហ្កានីស្ថាន នឹងអាចមានសិទ្ធិមិនឲ្យអ្នកដែលគ្មានក្នុងបញ្ជីមិត្តភក្តិ ឬអ្នកស្គាល់ អាចចូលទៅចែករំលែក រូបថត ឬមើលខ្លឹមសារចុះផ្សាយរបស់ខ្លួនកន្លងមកនោះទេ។ ហ្វេសប៊ុកអះអាងដែរថា ក្រុមហ៊ុនបានដកចេញជាបណ្តោះអាសន្នផងដែរ លទ្ធភាព ដែលគេអាចចូលមើលបញ្ជីឈ្មោះ មិត្តរបស់អ្នកប្រើប្រាស់ ឬក៏ការចុចស្វែងរក ឈ្មោះ មនុស្ស នៅអាហ្វហ្កានីស្ថាន។
តាមប្រធានផ្នែកបទបញ្ជាស្តីពីសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុក ចំណាត់ការខាងលើនឹងអាចជួយច្រើន ឲ្យគេប្រឆាំងទប់ទល់នឹងនិន្នាការរបស់ក្រុមតាលីបង់ ដែលកំពុងដៅស្វែងរកមនុស្ស ដែលគេចង់ សងសឹកសម្លាប់ តាមរយៈ ព័ត៌មាននៅលើបណ្តាញសង្គម៕
មតិយោបល់