ព័ត៌មានជាតិ

ស្ត្រីម្នាក់ កើតអាការមិនស្រួល រួចបញ្ជូនទៅពេទ្យក៏ស្លាប់ ប្ដីអះអាងថា ប្រពន្ធ ប្រើថ្នាំព្យាបាលជំងឺពីក្រុមហ៊ុនយូ ស៊ី ធី…

ក្រចេះ: កាលពីថ្ងៃទី ០៧ ខែធ្នូឆ្នាំ ២០១៩ វេលាម៉ោង១៨ និង២០នាទី កម្លាំងសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីឈ្មោះ ចន ខេង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រូច ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ដែលបានប្ដឹងក្រុមហ៊ុនយូ ស៊ី ធី លក់ផលិតផលឱសថព្យាបាលជំងឺ បណ្ដាលឱ្យប្រពន្ធខ្លួនឈ្មោះ ទាង ស៊ីធាង អាយុ៣៨ឆ្នាំ បានស្លាប់ក្នុងពេលកំពុងប្រើផលិតផលបានមួយរយៈ។

ដំណើររឿង៖ កាលពីចុងខែវិច្ឆិកាឆ្នាំ២០១៩ ជនរងគ្រោះ មានជំងឺទន់ដៃជើងម្ខាង ក៏បានទិញឱសថជាផលិតផលរបស់ក្រុមហ៊ុន យូ ស៊ី ធី មានសាខានៅខេត្តក្រចេះ យកមកប្រើប្រាស់ លុះពេកចាប់ផ្ដើមប្រើជនរងគ្រោះ មានអាការជំងឺរាគរួសជាខ្លាំង ពេលនោះបានទំនាក់ទំនងទៅក្រុមហ៊ុន និងប្រាប់អំពីអាការរបស់ខ្លួន ដោយខាងក្រុមហ៊ុន បាននិយាយថា ជាតិថ្នាំវាដេញជាតិពុលទេ ហើយបានប្រាប់ឱ្យប្រើបន្តទៀត។

លុះមកដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថានភាពជនរងគ្រោះ កាន់តែដុនដាបខ្លាំងទ្បើង ឈ្មោះ ចន ខេង (ត្រូវជាប្តី) បានទូរស័ព្ទសួរទៅក្រុមហ៊ុន ពេលនោះក្រុមហ៊ុន បានប្រាប់ថា ឲ្យយកទៅមន្ទីរពេទ្យព្យាបាលសិនចុះ ចាំមានកម្លាំង ចាំប្រើផលិតផលបន្តទៀត លុះពេលយកមកដល់មន្ទីរពេទ្យបង្អែកឆ្លូង ខាងមន្ទីរពេទ្យបានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត ជាអកុសលជនរងគ្រោះ បានស្លាប់នៅវេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។

ករណីនេះ កម្លាំងជំនាញអធិការដ្ឋានស្រុកឆ្លូង សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំដំរីផុង បានចុះពិនិត្យស្រាវជ្រាវ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់