ភ្នំពេញៈ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីរថយន្តធុនធំមួយគ្រឿង បើកបរមិនគោរពច្បាប់ចរាចរណ៍ បានបើកបំពានភ្លើងស្តុប បណ្តាលឲ្យបុករះ រថយន្តនិងម៉ូតូជាច្រើនគ្រឿង ខណៈកំពុងឈប់សញ្ញាភ្លើងស្តុប បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៦នាក់ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-4156 ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូង ។
លុះមកដល់ចំណុចកើតហេតុ មិនគោរពភ្លើងស្តុប បានបន្តែមល្បឿនទៅបុករថយន្តឡិចស៊ីស NX-200t ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC-3359 ពេញទំហឹងខ្ទាតបុករះរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BE-0674និងម៉ូតូចំនួនបីគ្រឿងទៀត ខណៈឈប់ភ្លើងស្តុប បណ្តាលដួលរណូករណែកពេញផ្លូវ រងរបួសធ្ងន់ស្រាល៦នាក់ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ដើម្បីព្យបាល រីឯតៃកុងរថយន្តបង្កត្រូវបានឃាត់ខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់